ម្ចាស់ជើងឯក UEFA Champions League ១៥សម័យកាល Real Madrid នឹងត្រូវធ្វើដំណើរពីប្រទេសអេស្ប៉ាញ មកតំបន់កណ្តាលអាស៊ី ដើម្បីប្រកួតជាមួយ Kairat Almaty នៅប្រទេសកាហ្សាក់ស្ថាន ក្នុងពានរង្វាន់ UCL រដូវកាល ២០២៥-២៦។

ដូច្នេះ Real Madrid ត្រូវធ្វើដំណើរសរុប ៨,១៨៨គីឡូម៉ែត្រ រយ:ពេល ១២ម៉ោង ដើម្បីទៅកីឡដ្ឋាន Central Stadium របស់ក្រុម Kairat Almaty នៅប្រទេសកាហ្សាក់ស្ថាន។

កម្មវិធីប្រកួត Real Madrid ជួប Kairat Almaty គឺនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ម៉ោង ១១:៤៥នាទីយប់។

អំពីក្រុមបាល់ទាត់ Kairat Almaty សមាជិកលីគកំពូលរបស់ប្រទេសកាហ្សាក់ស្ថាន ធ្លាប់គ្រងជើងឯកលីគ Kazakhstan Premier League ៤សម័យកាល ដោយឈ្នះចុងក្រោយបង្អស់នៅរដូវកាល ២០២៤-២៥ ទទួលបានកៅអីវគ្គជម្រុះ UCL។

នៅវគ្គជម្រុះ Kairat Almaty បានយកឈ្នះ Celtic ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៣-២ បន្ទាប់ពីស្មើគ្នាទាំង២ជើង ០-០។

គួរដឹងថាប្រទេសកាហ្សាក់ស្ថាន បានចូលជាសមាជិកទ្វីបអឺរ៉ុប នៅឆ្នាំ ២០០២ ក្លាយជាប្រទេសទី៤ ចេញពីទ្វីបអាស៊ី ទៅទ្វីបអឺរ៉ុប បន្ទាប់ពីអ៊ីស្រាអែល, នូវែលសេឡង់ និង យេម៉ែនខាងត្បូង៕

Share.