ភារកិច្ចចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ ក្នុងការប្រកួតវគ្គជម្រុះក្នុងពូល G ពានរង្វាន់កម្រិតទ្វីប AFC Asian Cup Saudi Arabia 2026 ដែលU23 កម្ពុជា នឹងត្រូវប្រកួតទល់នឹងក្រុមខ្លាំង U23 អ៊ីរ៉ាក់ នៅវេលាម៉ោង ៧:០០ នាទីយប់ ក្នុងពហកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ខណៈប្រកួតនេះជាប្រកួតដែលកំណត់វាសនារបស់ក្រុម U23 កម្ពុជា។

ចំពោះ ២ប្រកួតកន្លងទៅរបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ គឺអាចរកបាន៤ពិន្ទុក្នុងដៃក្រោយស្មើជាមួយអូម៉ង់ នៅប្រកួតទី១ ដោយលទ្ធផល ០-០ កាលពីថ្ងៃទី៣ ខែកញ្ញា និងឈ្នះក្រុមប៉ាគីស្ថាន ប្រកួតទី២ ដោយលទ្ធផល ០-១ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ឈរលេខ២ក្នុងពូល G បណ្តោះអាសន្ន។
អត្ថបទពាក់ព័ន្ធ៖ U23 កម្ពុជា ត្រូវការឈ្នះអ៊ីរ៉ាក់ ដើម្បីឡើងវគ្គបន្ត ពាន AFC Asian Cup Saudi Arabia 2026 – Troryorng Media


ដោយឡែកក្រុមខ្លាំង U23 អ៊ីរ៉ាក់ វិញគឺកំពុងឈរក្នុងពូលតារាងពូល G ក្រោយឆ្លងកាត់២ប្រកួត ឈ្នះទាំង២ប្រកួតមាន ៦ពិន្ទុក្នុងដៃ ដោយប្រកួតទី១ បានយកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថាន ដោយលទ្ធផល ៨-១ កាលពីថ្ងៃទី៣ ខែកញ្ញា និងប្រកួតទី២ បានយកឈ្នះអូម៉ង់ ដោយលទ្ធផល ១-០ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ។


ដូចនេះ ប្រកួតនៅវេលាម៉ោង ៧:០០នាទីយប់ គឺជាប្រកួតកាត់ក្តីមួយរវាងក្រុមទាំងពីរដែលស្ដិតនៅពូល ដើម្បីរកក្រុមឡើងទៅជុំផ្តាច់ព្រ័ត្រពានរង្វាន់កម្រិតទ្វីប AFC Asian Cup Saudi Arabia 2026 ។
តារាងចំណាត់ថ្នាក់ពូល G

ការប្រកួតវគ្គជម្រុះនេះ នឹងប្រមូលផ្តុំទៅដោយក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ ចំនួន ៤៤ក្រុម ដោយចែកចេញជា ១១ពូល។ ក្រុមដែលមានចំណាត់ថ្នាក់ លេខ១ ក្នុងពូលនីមួយៗ និងក្រុមក្រុមលេខ២ ល្អចំនួន៤ក្រុម នឹងឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត នាឆ្នាំ២០២៦ខាងមុខ។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ២៣ឆ្នាំ ប្រចាំទ្វីបអាស៊ី AFC U-23 Asian Cup បង្កើតឡើងដំបូងនៅឆ្នាំ២០១៣ ដោយជប៉ុន ជាក្រុមឈ្នះជើងឯកច្រើនជាងគេ ចំនួន ២លើក (២០១៦,២០២៤) ខណ: អ៊ូសបេគីស្ថាន ១លើក ២០១៨ អារ៉ាប៊ីសាអូឌីត ១លើក ២០២២ កូរ៉េខាងត្បូង ១លើក ២០២០ និងអ៊ីរ៉ាក់ ១លើក ២០១៣៕
អត្ថបទពាក់ព័ន្ធ៖ ក្រុមអាស៊ានចំនួន៥ធ្លាក់ចេញពីពានរង្វាន់ AFC U-23 Asian Cup វគ្គជម្រុះតាមពូល – Troryorng Media

