ក្រុងព្រះសីហនុ៖ មានមនុស្សចំនួន ៣នាក់បានស្លាប់ នៅទីតាំងកើតហេតុ ក្នុងគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកុងតឺន័រមួយគ្រឿង បុករះរថយន្ត ម៉ូតូជាង១០គ្រឿង និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងបណ្តាលឲ្យស្លាប់មនុស្ស៣នាក់ នៅលើផ្លូវជាតិលេខ ៤ ត្រង់ភូមិ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វេលាម៉ោង ៤ រសៀល ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៥។





តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកកុងតឺន័រពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3F-4913 សណ្តោងរុឺម៉ក់ស្លាកលេខ ភ្នំពេញ 4A-1148 បានបើកចុះចំណោតជ្រុលបុករះរថយន្ត Highlander មួយគ្រឿង, រថយន្ត Lexus 330 មួយគ្រឿង, , PassApp ចំនួន២គ្រឿង និងម៉ូតូប្រមាណជិត ១០គ្រឿង និងបុកចូលផ្ទះពលរដ្ឋជាច្រើនខ្នងបណ្តាលឲ្យស្លាប់មនុស្ស៣នាក់។




ក្នុងចំណោមមនុស្ស ៣នាក់ដែលស្លាប់នោះ មានម្ចាស់ផ្ទះម្នាក់, ជាងជួសជុលម៉ូតូម្នាក់ និងអ្នកបើកម៉ូតូម្នាក់ ដែលបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ក្រៅពីនេះ មានការខូចខាតផ្ទះ, តូបជួសជុលម៉ូតូ និងសម្ភារៈផ្សេងៗនៅជិតបរិវេណកន្លែងកើតហេតុផងដែរ។ បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តធំបានរត់គេចខ្លួនពីកន្លែងកើតហេតុ។




ក្រោយកើតហេតុសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ពន្ធ័បានចុះទៅកន្លែងកើតហេតុធ្វើការវ៉ាស់វែង និងចាត់ចែងប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ក៏ដូចជាបន្តស្រាវជ្រាវ តាមចាប់ខ្លួនជនបង្កដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ÷ឈុន គិមហៃ
