កម្ពុជាបើកឲ្យដំណើរការអាកាសយានដ្ឋានអន្ដរជាតិតេជោ នៅថ្ងៃទី៩ ខែកញ្ញា ២០២៥នេះ
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ តភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយជាងមុន។
សូមចុចអាន៖ បើកដំណើរឡើងវិញ! ជើងហោះហើររវាង Wuxi និងព្រះសីហនុ

សម្ដេចបវរធិបតីបន្ដថា វិស័យអាកាសចរ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរណ៍ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ពិសេសឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនង កាទូត និងគោលដៅផ្សេងៗរាប់មិនអស់។
សម្ដេចបញ្ជាក់ទៀតថា អាស្រ័យហេតុនេះ កម្ពុជា ក៏បានពង្រឹង និងពង្រីកខ្លួនយ៉ាងសកម្មក្នុងការកសាងអាកាសយានដ្ឋានកម្រិតអន្តរជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការបម្រើដល់សេចក្តីត្រូវការ កំណើននៃការធ្វើដំណើរ តភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរបស់អ្នកដំណើរ ពិសេសការតម្រង់គោលដៅមកកាន់កម្ពុជា។






