កំពង់ស្ពឺ ៖ ជនសង្ស័យចំនួន៦នាក់ សកម្មលួច ប្លន់យកម៉ូតូ ត្រូវបានកម្លាំងស្នងការខេត្តកំពង់ស្ពឺតាមបង្ក្រាប ចាប់ខ្លួនបន្តបន្ទាប់ចំនួន៦នាក់ ដកហូតបានម៉ូតូ៣គ្រឿង កាលពីថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិប្រសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទាំង៦នាក់ ៖ ១ ឈ្មោះ យ៊ាំង សុភ័ស ភេទប្រុស អាយុ២០ឆ្នាំ ។ ២ ឈ្មោះ យ៊ាំង ភា ភេទប្រុស អាយុ១៨ឆ្នាំ ។ ៣ ឈ្មោះ ឆិល មករា ភេទប្រុស អាយុ១៥ឆ្នាំ ។ទាំង៣នាក់ រស់នៅភូមិទឹកថ្លា ឃុំដំបូករ៉ូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ៤ ឈ្មោះ អ៊ុ ចាន់ដេត ភេទប្រុស អាយុ១៤ឆ្នាំ ។ ៥ ឈ្មោះ ទឿង វាសនា ភេទប្រុស អាយុ១៤ឆ្នាំ ។ ទាំង ២នាក់ រស់នៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ៦ ឈ្មោះ ឈន សុខរាជ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ជាបក្សពួក) ។

តាមសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងពីឈ្មោះ សាត រស់ ប្រុស ២៣ឆ្នាំ រស់នៅភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ មានជនសង្ស័យចំនួន៥នាក់ ជិះម៉ូទូ២គ្រឿង ធ្វើសកម្មភាពប្លន់យកម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AE-7272 គ្រាដែលកំពុងធ្វើដំណើរតាមផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ ៥៦-៥៧ ភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយត្រូវបានកម្លាំងសមត្ថកិច្ច តាមស្ទាក់ចាប់ខ្លួនជនសង្ស័យបាន៥នាក់ នាំយកទៅសាកសួរ លយះដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួក១នាក់ទៀត ដកហូតបានម៉ូតូ៣គ្រឿង ជាម៉ូតូដែលក្រុមជនសង្ស័យប្លន់បាន ។

ក្រោយបង្ក្រាបចាប់ខ្លួនបានជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅស្នងការខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.