(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីអំពាវនាវមួយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយជំរុញឱ្យសាធារណជនទាំងអស់មានការយោគយល់ និងអធ្យាស្រ័យចំពោះបងប្អូនកម្មករ-និយោជិត អ្នកផ្តល់សេវា និងម្ចាស់អាជីវកម្ម ដែលអាចនឹងជួបប្រទះបញ្ហាយឺតយ៉ាវ ឬកង្វះខាតសេវាកម្មមួយចំនួន ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខ។

ក្នុងសេចក្តីអំពាវនាវដែលចុះហត្ថលេខាដោយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានឱ្យដឹងថា ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋ កម្មករ-និយោជិត និងម្ចាស់អាជីវកម្មភាគច្រើននឹងធ្វើដំណើរទៅជួបជុំគ្រួសារ ឬទៅកម្សាន្តនៅតាមរមណីយដ្ឋាននានា។

ទោះជាយ៉ាងនេះក្តី កម្មករ-និយោជិតមួយចំនួនដែលបម្រើការងារនៅតាមរមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ នឹងមានភាពមមាញឹកយ៉ាងខ្លាំងក្នុងការផ្តល់សេវាកម្មជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដូច្នេះហើយ ក្រសួងសូមអំពាវនាវដល់បងប្អូនសាធារណជនទាំងអស់មេត្តាយោគយល់ចំពោះបញ្ហាប្រឈមទាំងនេះ។

ជាមួយគ្នានេះ ក្រសួងក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីលះបង់របស់កម្មករ-និយោជិតផ្នែកសេវាកម្មទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួនក្នុងឱកាសបុណ្យប្រពៃណីជាតិ។

ជាពិសេស ក្រសួងក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងបុគ្គលិកសន្តិសុខឯកជន ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួនដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងអំឡុងពេលឈប់សម្រាកនេះ។

ជាចុងក្រោយ ក្រសួងការងារ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ កម្មករ-និយោជិត និងម្ចាស់អាជីវកម្មទាំងអស់ ឱ្យពិនិត្យមើលប្រព័ន្ធភ្លើងអគ្គិសនី ចង្ក្រាន ធូប និងទៀន ឱ្យបានហ្មត់ចត់មុននឹងចេញពីលំនៅដ្ឋាន ឬបិទទ្វារទីតាំងអាជីវកម្ម ដើម្បីជៀសវាងគ្រោះអគ្គិភ័យ៕

Share.