ក្រុម​ជម្រើសជាតិអ៊ូសបេគីស្ថាន ក្លាយជាម្ចាស់ជើងឯកពានរង្វាន់អាស៊ីកណ្តាល នៃពានរង្វាន់ CAFA Nations Cup ឆ្នាំ២០២៥ បន្ទាប់ពីយក​ឈ្នះលើក្រុមអ៊ីរ៉ង់ ក្នុងលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ នៅ​លើវាល​ស្មៅក្នុងផ្ទះរបស់​ខ្លួន នាទីក្រុង Tashkent ប្រទេសអ៊ូសបេគីស្ថាន កាល​ពី​យប់​ថ្ងៃទី៨ កញ្ញា ២០២៥។

វា​ជា​យុគសម័យ​មាស​សម្រាប់ក្រុម​​អ៊ូសបេគីស្ថាន ដែល​ឆ្នាំ​នេះ​ក៏បានកក់កៅអីទៅជុំផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ២០២៦ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ។

សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ូសបេគីស្ថាន គឺស្ថិតនៅក្នុងពូល A នៃវគ្គជម្រុះជុំទី៣ ឈរនៅចំណាត់​ថ្នាក់​លេខ២ ក្នុងពូលមាន២១ពិន្ទុក្នុងដៃ ខណៈក្រុមជម្រើសជាតិអ៊ឺរ៉ង់ ឈរលេខ១ មាន២៣ពិន្ទុក្នុងដៃ ។ សម្រាប់ក្រុមចំនួន២ផ្សេងទៀតដែលស្ថិតនៅពូល​A គឺអារ៉ាប់រួម និងក្រុមកាតា ត្រូវឡើងទៅវគ្គជម្រុះជុំទី៤ បន្តទៀត ។

វគ្គ​ជម្រុះ​ពានរង្វាន់ 2026 FIFA World Cup មាន​ប្រទេស​ចូលរួម​ចំនួន​២០៧ ដោយ​បែងចែក​ជា​៦​ទ្វីប​ផ្សេង​គ្នា។ សម្រាប់​ទ្វីប​អាស៊ី មាន​កូតា​ចំនួន​៨ក្រុម ឡើង​ទៅ​​ប្រកួត​ជុំ​ចុងក្រោយ​ដែល​​អាមេរិក ម៉ិចស៊ីកូ និង​កាណាដា រួម​​ធ្វើ​ជា​​សហ​ម្ចាស់​ផ្ទះ ខណៈ​មាន​១ក្រុម​ត្រូវ​ប្រកួត​ជម្រុះ​ជាមួយ​ក្រុម​មក​ពី​ទ្វីប​ផ្សេង យក​កៅអី​ឡើង​ទៅ​ដែរ។ នៅ​អាស៊ី មាន​ក្រុម​ចំនួន​៤៦ ត្រូវ​ប្រកួត​ប្រជែង​គ្នា ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២៣ ដល់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ បែងចែក​ជា​​៥​វគ្គ។

ការ​ប្រកួត​ពានរង្វាន់​ជើង​ឯក​ពិភពលោក FIFA World Cup ធ្វើ​ឡើង​រាល់​៤ឆ្នាំ​ម្តង តែ​កន្លង​ទៅ​កំណត់​យក​ក្រុម​ខ្លាំង​មក​ពី​តាម​បណ្តា​ទ្វីប​ចំនួន​៣២​ក្រុម​ប៉ុណ្ណោះ ដើម្បី​ឡើង​ដល់​វគ្គ​ជុំ​ចុងក្រោយ ប៉ុន្តែ​លើក​នេះ​មាន​ការ​កំណត់​យក​ក្រុម​ដល់​ទី​៤៨​ក្រុម ដើម្បី​ចូលរួម​ប្រកួត៕

Share.