ករណីគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធតារាភេទទី៣ នូឌី ស៊ីងហ្គឺរ (Noudy Singer) នៅរាត្រីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១១ និង ៣០ នាទីយប់ ដោយមានបុរសមួយរូបជិះម៉ូតូមួយគ្រឿងយ៉ាងលឿនបុកប៉ះនឹងម៉ូតូ តារាភេទទី ៣ រូបនេះ ហើយបណ្តាលឱ្យបុរសរូបនោះបាត់បង់ជីវិត និងទារសំណងប្រាក់ ១ ម៉ឺនដុល្លារអាមេរិកពីជនរងគ្រោះទៀតនោះ បានធ្វើឱ្យអ្នកសិល្បៈមួយចំនួនបញ្ចេញអារម្មណ៍ប្រតិកម្ម និងទទូចចង់ឃើញពន្លឺយុត្តិធម៌មានចំពោះតារាចម្រៀង និងកំប្លែងរូបនេះដែលកំពុងស្ថិតក្នុងការឃុំខ្លួន។


ជាមួយករណីនេះតារាសិល្បៈ និងមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបានបញ្ចេញមតិភ្ជាប់ជាមួយអារម្មណ៍ហួសចិត្ត ដោយពួកគេបានទទូចសួរថា ហេតុអ្វីបានជាអ្នកបង្កហេតុបែរជាគ្មានទោសទណ្ឌ និងត្រូវឱ្យជនរងគ្រោះផ្ដល់សំណងទៅឱ្យក្រុមគ្រួសារអ្នកបង្កហេតុនូវទឹកប្រាក់ចំនួន ១ ម៉ឺនដុល្លារអាមេរិកថែមទៀត។ តើការវិនិច្ឆ័យរកភាពខុសត្រូវនោះបែបណាទៅវិញ ? ស្របពេលដែលអ្នកសិល្បៈភាគច្រើនព្យាយាមនិយាយលើកទឹកចិត្តទៅកាន់តារាភេទទី៣ នូឌី ស៊ីងហ្គឺរ ឱ្យមានជំហរចិត្តរឹងមាំចំពោះការដោះស្រាយបញ្ហាមួយនេះ។
ជាការឆ្លើយតបករណីខាងលើនេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺចំពោះករណីគ្រោះថ្នាក់ចរាចណ៍ថា រវាង ម៉ូតូHonda PCX ពណ៌ប្រផះ ផ្លាកលេខ ភ្នំពេញ1IO-4137 ជាមួយម៉ូតូ Honda C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KO-1318 បណ្តាលឱ្យអ្នកបើកបរម៉ូតូ Honda C125 ចំនួន០១នាក់ស្លាប់នៅកន្លែងកើតហេតុ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង២៣ និង៣៩នាទីត្រង់ចំណុចក្រោមស្ពានជ្រោយចង្វារ ផ្លូវទន្លេសាប ប្រសព្វផ្លូវលំ ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារគឺ៖
រវាងម៉ូតូHonda PCX ពណ៌ប្រផះ ផ្លាកលេខ ភ្នំពេញ1IO-4137 ជាមួយម៉ូតូ Honda C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KO-1318 បានបណ្តាលឱ្យ អ្នកបេីកម៉ូតូ Honda C125 ស្លាប់នៅកន្លែងកេីតហេតុ ។ មូលហេតុគ្រោះថ្នាក់ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារបានសន្និដ្ឋាន-អ្នកបេីកម៉ូតូHonda PCX បេីកចេញពីផ្លូវបាត់សិទ្ធិ (ផ្លូវអក្សT) -អ្នកបេីកម៉ូតូ Honda C125 បេីកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។
ករណីនេះត្រូវបានលោក ស៊ិន រក្សា ព្រះរាជអាជ្ញារងប្រចាំខណ្ឌជ្រោយចង្វារឱ្យឃាត់អ្នកបេីកម៉ូតូPCX ឈ្មោះ នាង សុភ័ក្រ្តបញ្ញា ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៨ និង០០នាទី។បន្ទាប់មក កម្លាំងជំនាញរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បញ្ជូនសំណុំរឿង វត្ថុតាង និងអ្នកបេីកម៉ូតូម៉ាកHonda PCX ឈ្មោះ នាង សុភ័ក្រ្តបញ្ញា ភេទប្រុស អាយុ ៣០ឆ្នាំ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង ៣៣នាទីដើម្បីចាត់ការតាមនីតិវិធី។ សូមបញ្ជាក់ថា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមានអ្នកស្លាប់ សមត្ថកិច្ចត្រូវបញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដេីម្បីចាត់ការតាមនីតិវិធី៕

