កាលពីម្សិលមិញ (ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥) វេលាម៉ោង ១១:០០ ព្រឹក អ្នកសារព័ត៌មានបានរាយការណ៍ថា ក្រសួងហិរញ្ញវត្ថុបានរៀបចំពិធីលាគ្នាសម្រាប់ លោក ពិជ័យ ឈុនហាវជិរ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ លោក ជុលផាន់ អមរវិវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ និងលោក ផៅភូមិ រ៉ូចនៈសៈគុល រដ្ឋមន្ត្រីលេខាធិការក្រសួងហិរញ្ញវត្ថុ។

មន្ត្រីទាំង៣រូបនេះ បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការក្រោមឱវាទដែលបានសហការគ្នារយៈពេល២ឆ្នាំមកនេះ ជាមួយនឹងបរិយាកាសកក់ក្ដៅ និងបង្ហូរទឹកភ្នែកលាគ្នាទាំងអាលោះអាល័យនោះ ក៏មានការជូនជាកម្រងផ្កា និង ផ្កាកុលាប ផងដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ លោក ឯកៈនិតិ និតីធ័នប្រៈផាត អគ្គនាយកនាយកដ្ឋានរតនាគារ ដែលជាបេក្ខភាពរដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីមិនបានចូលរួមនោះទេ។

លោក ពិជ័យ បានថ្លែងនៅក្នុងឱកាសនោះថា រយៈពេលដែលលោកបំពេញការងារ លោកបានទទួលការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីមន្ត្រីរាជការទាំងអស់ក្នុងក្រសួងហិរញ្ញវត្ថុ។ លោកបានរៀនសូត្របានច្រើន ជាពិសេសពីរដ្ឋបាលសាធារណៈ។ លោកចង់ឱ្យគ្រប់គ្នាបានឃើញថា ក្រសួងហិរញ្ញវត្ថុគឺជាស្ថាប័នរដ្ឋមួយដែលបានជួយគាំទ្រ ណែនាំ និងជំរុញការងារសម្របសម្រួលជាមួយស្ថាប័នផ្សេងៗដើម្បីសម្រេចបានគោលដៅរបស់រដ្ឋាភិបាល។ នេះឆ្លុះបញ្ចាំងថា ក្រសួងហិរញ្ញវត្ថុគឺជាផ្នែកមួយដែលជួយជំរុញគោលនយោបាយរដ្ឋ និងក្នុងពេលជាមួយគ្នានេះ ក៏ជួយដោះស្រាយបញ្ហាឱ្យវិស័យឯកជនផងដែរ។

ក្នុងថ្ងៃដដែល វេលាម៉ោង ១២:៣០ ថ្ងៃត្រង់ រដ្ឋមន្ត្រីមួយរូបទៀតពីបក្សភឿថៃ គឺ លោក សៈរ៉ៈវង្ស ធានថង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា ក៏បានលាឈប់ពីតំណែង និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៅក្នុងក្រសួងជាផ្លូវការផងដែរ។ នៅក្នុងពិធីនោះ មានលោកស្រី ណាត់ទ្រីយ៉ា ថាវីវង្ស អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍និងកីឡា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់បានចូលរួមផ្តល់ផ្កាដើម្បីថ្លែងអំណរគុណ និងលើកទឹកចិត្ត។ បរិយាកាសនៅក្នុងពិធីគឺពោរពេញការសោកស្ដាយចំពោះការផ្លាស់ប្ដូររដ្ឋមន្ត្រីទាំងមិនបានត្រៀមលក្ខណៈនេះផងដែរ។

លោក សៈរ៉ៈវង្ស បានថ្លែងថា មន្ត្រីគ្រប់រូបបានរួមសហការ និងប្តេជ្ញាធ្វើការដើម្បីជំរុញវិស័យទេសចរណ៍ និងកីឡាឱ្យរីកចម្រើនតាមគោលនយោបាយដែលបានដាក់ចេញ។ ការធ្វើការជាមួយគ្នាកន្លងមកគឺជាផ្នែកសំខាន់ដែលធ្វើឱ្យសម្រេចបានគោលដៅជាច្រើន និងបង្កើតបានជោគជ័យជូនប្រទេសជាតិ។ យ៉ាងណាក៏ដោយ នៅចុងបញ្ចប់នៃពិធីលា ពេលលោក សៈរ៉ៈវង្ស កំពុងចាកចេញពីក្រសួង លោកបានឱបមន្ត្រីជាច្រើននាក់ ហើយបានស្រក់ទឹកភ្នែកតាមផ្លូវផងដែរ៕

Share.