នៅពេលថ្មីៗនេះ រដ្ឋាភិបាលរបស់លោក អនុធីន ទើបតែប្រកាសជាផ្លូវការថា ប្រគល់តំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិទៅឱ្យឧត្តមសេនីយ៍ ណាត់ថាផន ណាក់ផានិត ដែលធ្លាប់ជារដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិក្នុងអាណត្តិលោកស្រី ផែថងថាន បន្ទាប់ពី កៅអីដ៏ក្ដៅមួយនេះលេចចេញនូវពាក្យចចាមអារ៉ាម និងរឿងរ៉ាវចម្រូងចម្រាស់ និងមានឈ្មោះអ្នកនយោបាយច្រើននាក់នៅក្រោយវាំងនននយោបាយថៃ ដែលត្រៀមមកអង្គុយ ប៉ុន្តែមិនមានអ្នកនយោបាយរូបណាឡើយដែលហ៊ានឡើងមកអង្គុយនាអំឡុងពេលមានបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជានាពេលនេះ។

មនុស្សទីមួយ ដែលគេរំពឹងថានឹងឡើងមកអង្គុយតំណែងនេះ គឺលោក ធម៌ម៉ាណាត់ ព្រហ្មផៅ ប្រធានទីប្រឹក្សាបក្ស ក្លាថាំ ប៉ុន្តែអាស្រ័យដោយលោកធ្លាប់ជាពិរុទ្ធជន ហើយធ្លាប់មានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ធ្វើឱ្យមានសំឡេងរិះគន់ ជំទាស់ទៅនឹងការផ្ដល់តំណែងខ្ពស់បំផុតផ្នែកការពារជាតិឱ្យទៅមនុស្សដែលធ្លាប់ជាអ្នកទោសគ្រឿងញៀនផ្ទុះឡើងខ្លាំង។ ក្រោយមកសាមីខ្លួនបានចេញមកបដិសេធថាខ្លួនមិនដណ្ដើមកៅអីជាមួយនឹងអ្នកណានោះឡើយ ដោយលើកហេតុផលថាមុខតំណែងនយោបាយមិនមែនជាការដណ្ដើមគ្នាទេ ហើយលោកក៏គ្មានចេតនាចង់ដណ្ដើមតំណែងដែរ អ្វីដែលលោកចង់ធ្វើគឺអភិវឌ្ឍន៍យុវជនថ្មីៗដើម្បីមកបម្រើជាតិ។

មនុស្សទីពីរ ដែលស្ថិតក្នុងបញ្ជីឈ្មោះ អ្នកដែលគេតាមដាន និងរំពឹងថានឹងឡើងមកអង្គុយកៅអីរដ្ឋមន្ត្រីការពារជាតិគឺ លោកឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ប្រធានគណបក្ស ផាឡាំង ប្រាឆារ៉ាត់ ព្រោះលោកគឺជាអ្នកនយោបាយចាស់វស្សានិងមានខ្សែបណ្ដាញច្រើន ហើយក៏ជាអ្នកមានឥទ្ធិពលម្នាក់នៅក្នុងជួរកងទ័ពដែរ។ ប៉ុន្តែលោក ប្រាវីត បានចេញមកប្រកាសយ៉ាងច្បាស់ថា លោកនឹងមិនទទួលយកតំណែងណាមួយក្នុងរដ្ឋាភិបាលឡើយ រួមទាំងតំណែងរដ្ឋមន្ត្រីការពារជាតិ ដូចព័ត៌មានដែលបានចុះផ្សាយទេ។
លោកបានលើកហេតុផលថា ការសម្រេចចិត្តនេះគឺដើម្បីបើកផ្លូវឲ្យនាយករដ្ឋមន្ត្រីអាចស្វែងរកបុគ្គលដែលសក្ដិសម ដើម្បីដោះស្រាយបញ្ហាព្រំដែនថៃ-កម្ពុជា និងលើកកម្ពស់ជាតិ សាសនា និងព្រះមហាក្សត្របានយ៉ាងពិតប្រាកដនិងឆាប់រហ័ស ដោយយកជាតិនិងប្រជាជនជាគោល។

ក្រោយបេក្ខភាព២នាក់ សុទ្ធតែបដិសេធ ទីបំផុតនៅថ្ងៃទី៩ ខែ៩ ឆ្នាំ២០២៥ នេះ លោក អនុទិន ក្នុងនាមជាប្រធានគណបក្សភូមិចៃថៃ និងជានាយករដ្ឋមន្ត្រីពី៣២ របស់ថៃ បានប្រាប់អ្នកសារព័ត៌មានថា កៅអីក្រសួងការពារជាតិនេះ លោករក្សាទុកដដែល ដោយឱ្យលោក ណាត់ថាផន ណាក់ផានិត ដែលជារដ្ឋមន្ត្រីស្ដីទី ឡើងមកកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ ដោយហេតុផលថា មិនអាចផ្លាស់ប្ដូរមេទ័ព ឬសេះ ចំកណ្ដាលសឹកសង្គ្រាមនោះទេ។
ដូច្នេះបានសេចក្ដីថា លោក ណាត់ថាផន ណាក់ផានិត នឹងអាចបន្តអង្គុយកៅអីជារដ្ឋមន្ត្រីការពារជាតិចំនួន៤ ខែ ទៀត ប្រសិនបើលោក អនុធីន ពិតជារំលាយសភា តាមកិច្ចព្រមព្រៀងជាមួយនឹងបក្សប្រជាជន មុនពេលបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យលោកបានឡើងជានាយករដ្ឋមន្ត្រីទី៣២ របស់ប្រទេសថៃ៕

