យោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP នាពេលថ្មីៗនេះឱ្យដឹងថា ដើម្បីយកចិត្តនិងរំសាយកំហឹងបាតុកររដ្ឋាភិបាលឥណ្ឌូនេស៊ីបានផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីរបស់ខ្លួននៅក្រសួងហិរញ្ញវត្ថុ ដោយប្រគល់តួនាទីតំខាន់មួយនេះឱ្យទៅលោក ភូប៉ាយ៉ា យូឌី សាដេវ៉ា Purbaya Yudhi Sadewa ដែលជាអ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់កាន់តំណែងក្នុងអំឡុងពេលប្រទេសមានបញ្ហាវិបត្តិសេដ្ឋកិច្ចនិងទាមទារឱ្យប្រព័ន្ធពន្ធដារមានយុត្តិធម៌។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ សួបៀនតូ Prabowo Subianto បានផ្លាស់ប្ដូរតំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុគឺលោកស្រី ស៊្រីម៊ូលីយ៉ានី ឥន្ទ្រាវ៉ាទី Sri Mulyani Indrawati បន្ទាប់ពីបានធ្វើការវាយតម្លៃលើភាពមិនច្បាស់លាស់ ចំពោះការគ្រប់គ្រងសារពើពន្ធរបស់រដ្ឋាភិបាលរបស់លោក ដែលបានធ្វើឱ្យប្រទេសឥណ្ឌូនេស៊ីប្រឈមមុខនឹងបញ្ហាសំខាន់ៗ រួមទាំងការតវ៉ាពីក្រុមបាតុករពេញផ្ទៃប្រទេស ឡុកលុយដុតបំផ្លាញស្ថាប័ន​សាធារណៈ​ វាយប្រហារផ្ទះមន្ត្រីក្រសួងសេដកិច្ច និងសមាជិកសភាជាច្រើនកន្លែង ដុតអគាររដ្ឋាភិបាល និងប៉ះទង្គិចជាមួយប៉ូលិសកុបកម្មបង្ហូរឈាមបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១០នាក់បានស្លាប់ និងប្រហែល ២០នាក់ផ្សេងទៀតបន្តបាត់ខ្លួនអស់រយៈពេល ២ សប្ដាហ៍កន្លងទៅ។

ប៉ុន្តែទោះបីប្រធានាធិបតី ប្រាបូវ៉ូ សួបៀនតូ ធ្លាប់បានសន្យាថានឹងស្ដារឱ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដែលគោលដៅរបស់លោកធ្វើយ៉ាងណាប្រឹងប្រែងរកមធ្យោបាយដោះស្រាយ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យបានលឿនរហ័សដោយមានការសហការគ្នារវាងវិស័យឯកជន និងរដ្ឋាភិបាល។ លោកបានប្រគល់តួនាទីសំខាន់មួយនេះទៅឱ្យលោក ភូប៉ាយ៉ា យូឌី សាដេវ៉ា ដឹកនាំបន្តទាំងដែលរដ្ឋមន្ត្រីចាស់មិនទាន់លាលែងពីតំណែងនៅឡើយ។

គួរដឹងថា លោក ភូប៉ាយ៉ា យូឌី សាដេវ៉ា ត្រូវបានតែងតាំងជាសេដ្ឋវិទូជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវ Danareksa ក្រោយមកលោកបានក្លាយជាប្រធាននាយកក្រុមហ៊ុន PT Danareksa Securities នៅអំឡុងឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៨៕

Share.