ភារកិច្ចចុងក្រោយ​របស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ ក្រោម​ការដឹកនាំ​របស់​លោក Koji Gyotoku គ្រូបង្វឹក​ជនជាតិ​ជប៉ុន ក្នុងការប្រកួតវគ្គជម្រុះក្នុងពូល G ពាន​រង្វាន់​កម្រិតទ្វីប AFC Asian Cup Saudi Arabia 2026 ត្រូវ​បាន​បញ្ចប់ ដោយ​បន្សល់​នូវ​ប្រវត្តិសាស្រ្តថ្មី។

៣ប្រកួតរបស់ U23 កម្ពុជា គឺអាចរកបាន៥ពិន្ទុ ឈរលេខ២ក្នុងពូល ក្រោយស្មើជាមួយអូម៉ង់ នៅប្រកួតទី១ ដោយលទ្ធផល ០-០ និងឈ្នះក្រុមប៉ាគីស្ថាន ប្រកួតទី២ ដោយ​លទ្ធផល ​០-១ និង​ប្រកួត​ចុង​ក្រោយ ស្មើជាមួយ​ស្មើ​ជា​មួយអ៊ីរ៉ាក់ ០-០។

ក្រឡេក​មក​មើល កំណត់ត្រាសំខាន់របស់ U23 កម្ពុជា ក្នុង​វគ្គ​ជម្រុះ​ជើង​ឯក​ប្រចាំ​ទ្វីប​ដែល​មិន​សូវ​មាន​អ្នកដឹង៖

U23 កម្ពុជា បាន​បង្កើត​ប្រវត្តិសាស្រ្តថ្មី ប្រកួត​មិន​ចាញ់​សោះ ៣ប្រកួត​ក្នុង​វគ្គជម្រុះក្នុងពូល ពិសេស​មិន​របូត​គ្រាប់​បាល់សោះ

យ៉ែម ដេវីត ជាប់​ឈ្មោះ​ជា​កីឡាករ​ទី១៧ ដែល​ទាត់​ចូល​គ្រាប់​ទី២៤​ ឱ្យ​កម្ពុជា

អ្នកចាំទី រ៉េត លីហេង បំបែក​កំណត់ត្រា​រាមច្បងចាស់ៗ នឹង​សាង​កំណត់ត្រា​ថ្មី​ដែល​មិន​ធ្លាប់​មាន ៣ប្រកួត​មិ​របូត​គ្រាប់​បាល់សោះ

លោក Koji Gytoku ជា​គ្រូ​ដំបូង ដែល​​សាង​កំណត់ត្រា​មិន​ចាញ់​សោះ ហើយ​ជា​គ្រូ​ដឹកនាំ​​ U23 កម្ពុជា បាន​ច្រើន​ជំនាន់​ជាងគេ

  • វគ្គជម្រុះឆ្នាំ២០១២ ក្រោម​ការដឹងនាំរបស់​លោក ប្រាក់ សុមន្នី៖ ឆ្លងកាត់ ៥ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់៣ប្រកួត
  • វគ្គជម្រុះឆ្នាំ២០១៥ ក្រោម​ការដឹងនាំរបស់​លោក Lee tae Hoon៖ ឆ្លងកាត់ ៣ប្រកួត ឈ្នះ១ និងចាញ់ ២ប្រកួត
  • វគ្គជម្រុះឆ្នាំ២០១៧ ក្រោម​ការដឹងនាំរបស់​លោក Leonado Vitorino៖ ឆ្លងកាត់ ៣ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់ ១ប្រកួត
  • វគ្គជម្រុះឆ្នាំ២០១៩ ក្រោម​ការដឹងនាំរបស់​លោក Felix Dalmas៖ ឆ្លងកាត់ ៣ប្រកួត ស្មើ១ និងចាញ់ ២ប្រកួត
  • វគ្គជម្រុះឆ្នាំ២០២១ ក្រោម​ការដឹងនាំរបស់​លោក Hirose Ryu៖ ឆ្លងកាត់ ២ប្រកួត ឈ្នះ១ និងចាញ់ ១ប្រកួត
  • វគ្គជម្រុះឆ្នាំ២០២៣ ក្រោម​ការដឹងនាំរបស់​លោក koji Gytoku៖ ឆ្លងកាត់ ៣ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់ ១ប្រកួត

អតីត​សមាជិកជម្រើស​ជាតិ​កម្ពុជា៧នាក់ នៅ​ពី​ក្រុម​ក្រុម U23 កម្ពុជា រួម​មាន៖ លោក អ៊ុក សុធី លោក ទុំ សារាយ លោក ឃួន ឡាបូរ៉ាវិ លោក ឡាយ រស្មី លោក ឃឹម បូរី លោក ហែម ស៊ីមៃ និងអ្នកចាំទី អ៊ុំ សេរីរ័ត។

ការប្រកួតវគ្គជម្រុះនេះ ប្រមូលផ្តុំទៅដោយក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ ចំនួន ៤៤ក្រុម ដោយចែកចេញជា ១១ពូល។ ក្រុមដែល​មាន​ចំណាត់​ថ្នាក់ លេខ១ ក្នុងពូលនីមួយៗ និងក្រុមក្រុម​លេខ២ ល្អចំនួន៤ក្រុម នឹងឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត នាឆ្នាំ២០២៦ខាងមុខ។

គួរបញ្ជាក់​ថា ការប្រកួត​ពានរង្វាន់ជើងឯក​យុវជន​អាយុក្រោម ២៣ឆ្នាំ ប្រចាំទ្វីប​អាស៊ី AFC U-23 Asian Cup បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ២០១៣ ដោយ​ជប៉ុន ជាក្រុមឈ្នះជើងឯក​ច្រើន​ជាងគេ ចំនួន ២លើក (២០១៦,២០២៤) ខណ:​ អ៊ូសបេគីស្ថាន ១លើក ២០១៨ អារ៉ាប៊ីសាអូឌីត ១លើក ២០២២ កូរ៉េខាងត្បូង ១លើក ២០២០ និងអ៊ីរ៉ាក់ ១លើក ២០១៣៕

Share.