យោងតាមការកាសែតក្នុងស្រុកថៃ Khaosod បានចេញផ្សាយនាថ្ងៃទី១០ ខែកញ្ញា នេះថា នាយកដ្ឋានបសុសត្វ ចេញការព្រមានដល់សង្កាត់ចំនួន៦ ក្នុងទីក្រុងបាងកក និងខេត្តសាមុតប្រាកាន ឱ្យប្រុងប្រយ័ត្នចំពោះជំងឺឆ្កែឆ្កួត ក្រោយរកឃើញសត្វឈឺជាបន្ដបន្ទាប់។

បើតាមប្រធានមន្ទីរសុខាភិបាលបានបង្ហើបប្រាប់នាថ្ងៃទី៩ ខែកញ្ញា ម្សិលម៉ិញនេះថា ការិយាល័យបសុសត្វតំបន់១០ បានចេញសេចក្ដីប្រកាសមួយ ទាក់ទងនឹងការកំណត់តំបន់រីករាលសត្វបណ្ដោះអាសន្នសម្រាប់ជំងឺឆ្កែឆ្កួត។

ដោយសារតែការរកឃើញសត្វចំនួន ២ក្បាលកើតជំងឺឆ្កែឆ្កួត នៅតំបន់សំខាន់ៗ និងពេញនិយមមួយចំនួនកណ្ដាលទីក្រុងបាងកក ដែលជាជំងឺរាតត្បាតដ៏កាចសាហាវ ហើយអាចចម្លងទៅមនុស្ស សត្វឆ្កែ ឆ្មា គោ ក្របី ឬសត្វចិញ្ចឹមកូនដោយទឹកដោះដទៃទៀតបាន។

អាជ្ញាធរក្រុងបាងកក បានណែនាំថា ប្រសិនបើត្រូវបានខាំ ឬប៉ះពាល់នឹងសត្វដែលសង្ស័យថា កើតជំងឺឆ្កែឆ្កួត សូមលាងមុខរបួសជាមួយសាប៊ូ ហើយទៅជួបគ្រូពេទ្យភ្លាមៗ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត។

ទន្ទឹមនោះ ខេត្តចំនួន១០ ដែលមានអត្រាជំងឺឆ្កែឆ្កួតខ្ពស់បំផុតលើសត្វមានដូចជា៖ ខេត្ត Ubon Ratchathani, Buriram, Songkhla, Surin, Maha Sarakham, Nakhon Ratchasima, Chachoengsao, Chonburi, Nakhon Si Thammarat និងខេត្ត Mukdahan៕

ប្រភព៖ Khaosod

Share.