ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធនឹងការឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥។
ជនសង្ស័យ ឈ្មោះ ម.ម ភេទស្រី ជាម្ចាស់គណនីធនាគារ ដែលទទួលប្រាក់ពីជនរងគ្រោះ បន្ទាប់ពីបានលួចគ្រប់គ្រងគណនី Telegram ហើយធ្វើឲ្យជនរងគ្រោះជឿជាក់និងផ្ទេរប្រាក់ឱ្យ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។


ជាមួយគ្នានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់សារធារណជន សូមមេត្តាប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ និងគ្រប់គ្រងគណនីធនាគារ ក៍ដូចជាគណនីបណ្តាញសង្គមផ្សេងៗ និងសូមកុំផ្តល់ព័ត៌មានលម្អិតផ្ទាល់ខ្លួនទៅកាន់អ្នកដទៃ ជៀសវាងការលួចចូលគ្រប់គ្រងគណនីពីជនអានាមិក និងឈានទៅដល់ការបាត់បង់ផងប្រយោជន៍ផ្សេងៗដោយប្រការណាមួយ។


គួរំលឹកថា កាលពីថ្ងៃទី២០ ខែកុម្ភៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយសម្តេចដឹកនាំដោយផ្ទាល់ និងមានឧបនាយករដ្ឋមន្ត្រី៦រូប និងទេសរដ្ឋមន្ត្រី២រូបជាអនុប្រធាន។


គណៈកម្មការដែលដឹកនាំដោយប្រមុខរដ្ឋាភិបាលដោយផ្ទាល់មួយនេះ មានតួនាទីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តរបស់ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាការធ្វើសហប្រតិបត្តិការជាមួយបន្តប្រទេសនានាលើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ។
អត្ថបទ៖ កណ្តាល

