កុងតឺន័រដឹកទំនិញមួយគ្រឿងបានផ្ទុះឆេះរាលដាលដល់ផ្ទះ ហាងទំនិញ និងរថយន្ដជាងច្រើននៅលើផ្លូវក្នុងសង្កាត់ Na Muang ស្រុក Muang នៅខេត្ត Ratchaburi ប្រទេសថៃកាលពីម៉ោង ១១យប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

បើតាមលោកវរសេនីយ៍ទោ Charoenya Puriso ជាសមត្ថកិច្ចស៊ើបអង្កេតនៅប៉ុស្ដិ៍ Muang Ratchaburi បាននិយាយថា ហេតុការណ៍នេះបានបង្កឱ្យមនុស្ស ២នាក់រងរបួស រួមទាំងបង្កការខូចខាតដល់រថយន្ដរបស់ប្រជាពលរដ្ឋជាង ១០គ្រឿង ដែលឈប់ចតនៅក្បែរកន្លែងកើតហេតុ ហើយភ្លើងបានបន្ដឆេះរាលដាលដល់ផ្ទះសម្បែង និងហាងលក់ទំនិញនានាផងដែរ។

អ្នករងរបួសទាំង២នាក់ មានឈ្មោះថា សូរស័ក្តិ អាយុ ៣៩ឆ្នាំ ជាអ្នកបើកបររថយន្តបង្កហេតុ និងឈ្មោះ សៀម រ៉ាត់ ជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន។ ពួកគេទាំង២ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្បែរទីតាំងកើតហេតុភ្លាមៗ។

បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា រថយន្តដែលពាក់ព័ន្ធក្នុងហេតុការណ៍នេះ គឺជា រថយន្តដឹកបិទជិត។ នៅខាងក្នុងរថយន្តមានប្រអប់កាំជ្រួចផ្ទុះដែលប្រើក្នុងពិធីបុណ្យ។ ទាំងនេះជារបស់របរចាស់ៗដែលមានក្នុងស្តុក ប៉ុន្តែអ្នកបើកបរមិនបានយកវាចេញទេ។ រថយន្តផ្ទុកទៅដោយរបស់របរដែលត្រូវដឹកជញ្ជូនតាមហាងផ្សេងៗ ដែលអាចបណ្តាលឱ្យកកិត ហើយឆាបឆេះ រហូតឆេះរាលដាលដល់កាំជ្រួចនៅខាងក្នុង បណ្តាលឱ្យផ្ទុះតែម្ដង។

ក្រោយកើតហេតុរថយន្ដពន្លត់អគ្គិភ័យ និងក្រុមពន្លត់អគ្គិភ័យ បាននាំគ្នាបាញ់ពន្លត់ភ្លើងដោយចំណាយពេលជាង ១០នាទីទើបភ្លើងរលត់ទាំងស្រុង។

យ៉ាងណាម៉ិញ អាជ្ញាធរ រង់ចាំ​ការ​ស៊ើប កោសល្យ​វិ​ច្ច័​យ ដើម្បី​កំណត់​ពី​មូលហេតុ​ពិត​ ខណៈទីតាំងនៅតំបន់កើតហេតុនេះ ត្រូវបានបញ្ជាឱ្យបិទបណ្ដោះអាសន្ន៕

ប្រភព៖ Khaosod

Share.