លោក ម៉ារីស សង្គាមផុងសា រដ្ឋមន្ត្រីការបរទេសស្តីទី បានជំរុញឱ្យរដ្ឋាភិបាលថ្មី ឬរដ្ឋាភិបាលក្រោមការដឹកនាំដោយលោកអនុទិន ឆាន់វីរៈគុល ស្តារទំនាក់ទំនងជាមួយកម្ពុជាឡើងវិញតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃច័ន្ទ លោក ម៉ារីស បានសម្តែងក្តីសង្ឃឹមថា រដ្ឋបាលថ្មីនឹងបន្តដោះស្រាយជម្លោះថៃ-កម្ពុជាតាមរយៈកិច្ចសន្ទនា ប៉ុន្តែត្រូវតម្កល់ការការពារផលប្រយោជន៍ជាតិរបស់ប្រទេសថៃ។

លោកបានកត់សម្គាល់ថា ក្រោមរដ្ឋាភិបាលរបស់លោកស្រី ភែថងថាន ស៊ីណាវ៉ាត់ ក្រសួងការបរទេសបានធ្វើការដើម្បីបន្ធូរបន្ថយភាពតានតឹងដោយប្រើប្រាស់យន្តការដែលបានបង្កើតឡើងដូចជា អនុស្សរណៈនៃការយោគយល់គ្នា (MoUs) ឆ្នាំ ២០០០ និង ២០០១, គណៈកម្មាធិការព្រំដែនរួម (JBC), គណៈកម្មាធិការព្រំដែនទូទៅ (GBC), និង គណៈកម្មាធិការព្រំដែនតំបន់ (RBC)។

ចំពោះអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ លោកបានថ្លែងថា វានៅតែមានកាតព្វកិច្ចផ្លូវច្បាប់និងផ្ដល់ផលប្រយោជន៍ ព្រោះវាបាននាំឱ្យមានការដំឡើងបង្គោលព្រំដែនប្រមាណ ៧០ រួចមកហើយ ហើយក្នុងនោះមាន ៤០ ត្រូវបានព្រមព្រៀងគ្នាតាមរយៈគណៈកម្មាធិការព្រំដែនរួម (JBC)។ លោកបានព្រមានថា ការបោះបង់ចោលវា នឹងបង្ខំឱ្យប្រទេសទាំងពីរវិលត្រឡប់ទៅរកសន្ធិសញ្ញាចាស់ៗវិញ ដូចជាកិច្ចព្រមព្រៀងបារាំង-សៀម ហើយអាចធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពនៃការដោះស្រាយបញ្ហា។

“ប្រទេសថៃនិងកម្ពុជានឹងនៅតែជាប្រទេសជិតខាង ហើយមនុស្សជំនាន់ក្រោយត្រូវតែរស់នៅក្បែរគ្នា។ ការស្តារទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការគឺចាំបាច់ ប៉ុន្តែពេលវេលាក៏សំខាន់ដូចគ្នាដែរ” នេះគឺជាសារចុងក្រោយ បង្អស់ ក្នុងតួនាទីជារដ្ឋមន្ត្រីស្ដីទី ក្រសួងការបរទេសរបស់លោក ម៉ារីស សង្គាមផុងសា៕

ប្រភព៖ Bangkok Post

Share.