ក្រុមប្រឹក្សាភិបាលនៃសហព័ន្ធបាល់ទះអាស៊ី (AVC) បានធ្វើកិច្ចប្រជុំមួយ កាលពីថ្ងៃទី៦ កញ្ញា កន្លងទៅ នៅទីស្នាក់ការ AVC House ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗទាក់ទង នឹងអនាគតនៃកីឡាបាល់ទះអាស៊ី និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធ និងបញ្ជាក់ឡើងវិញនូវចក្ខុវិស័យក៏ដូចជាយុទ្ធសាស្ត្ររបស់សហព័ន្ធកីឡាបាល់ទះពិភពលោក FIVB នៅឆ្នាំ២០៣២។

កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយប្រធាន FIVB លោក Fabio Azevedo និងប្រធាន AVC លោក Ramon Suzara ដែលមានតួនាទីជាអនុប្រធានប្រតិបត្តិរបស់ FIVB និងមានការចូលរួមពីសមាជិក AVC BA ផងដែរ។
នៅក្នុងកិច្ចប្រជុំនេះដែរ មន្ត្រីរបស់ FIVB ក៏បានបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ី នឹងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះជើងឯកតំបន់អាស៊ី AVC Men’s Champions League ឆ្នាំ២០២៦ ខណ:ប្រទេសហ្វីលីពីន និងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះពានជើងឯកតំបន់អាស៊ី AVC Women’s Nations Cup ឆ្នាំ២០២៦។

ប្រធាន FIVB លោក Fabio Azevedo បានថ្លែងទៅកាន់ការជួបជុំនេះផងដែរ ដោយសរសើរការដឹកនាំរបស់ AVC៖ “ខ្ញុំមានមោទនភាពចំពោះអ្វីដែលអ្នកសម្រេចបាននៅទីនេះ។ ក្រោមការដឹកនាំរបស់ប្រធាន Suzara AVC បានបង្កើតនូវកេរដំណែលដ៏រឹងមាំនៃការអភិវឌ្ឍន៍កីឡាបាល់ទះ។
ប្រធាន FIVB បានគូសបញ្ជាក់អំពីចក្ខុវិស័យយុទ្ធសាស្ត្រ FIVB 2032 ដោយផ្តោតលើការច្នៃប្រឌិត ការផ្តល់សិទ្ធិអំណាច និងការពង្រីកការបោះជំហានសកលរបស់កីឡាបាល់ទះ ខណៈពេលដែលបញ្ជាក់សារជាថ្មីនូវបាវចនារបស់ FIVB “រួមគ្នាជាមួយ”។
ការប្រកួតបាល់ទះជើងឯកតំបន់អាស៊ី AVC Men’s Champions Leagueឆ្នាំ២០២៦ ដែលឥណ្ឌូនេស៊ី នឹងធ្វើជាម្ចាស់ផ្ទះ នេះដែរនៅមិនទាន់បញ្ជាក់ពីពេលវេលានៅឡើយ។ ខណ:ការបាល់ទះពានជើងឯកតំបន់អាស៊ី AVC Women’s Nations Cup ឆ្នាំ២០២៦ ដែលហ្វីលីពីន ជាម្ចាស់ផ្ទះគ្រោងនឹងធ្វើឡើងធ្វើឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦៕


