បាត់ដំបង៖ សមត្ថកិច្ចជំនាញខេត្តបាត់ដំបង ចុះបង្ក្រាបប្រមូលក្រុមក្មេងដើរលេងយប់ចំនួនជិត ១០០នាក់អនុវត្តតាមច្បាប់ ក្រោយបង្កភាពអនាធិបតេយ្យ លួច នាំឲ្យពលរដ្ឋភ័យខ្លាច។

នគរបាលការិយាល័យជំនាញនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៥ នេះបានបញ្ជាក់ឲ្យដឹងថា៖ រយ:ពេល ៩ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៩ កន្លងមកកម្លាំងសមត្ថកិច្ចបានចុះនាំខ្លួនក្រុមក្មេងស្ទាវចំនួន ៨៦នាក់ជាមុខសញ្ញាដើររើសអេតចាយបន្លំលួចពេលយប់ និងក្រុមបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ ករណីខាងលើនឹងបានជួយលុបបំបាត់មួយផ្នែកធំចំពោះអំពេីចោរកម្ម និងទប់ស្កាត់សកម្មដើរអុកឡុកបង្កភាពអនាធិបតេយ្យដែលនាំឲ្យមានការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងបាត់ដំបង។




ក្នុងចំណោមក្រុមក្មេងទំនើងទាំងអស់ដែលបាននាំមកសាកសួរ ព្រមទាំងបានធ្វេីតេស្តស្វែងរកសារធាតុញៀនបានរកឃេីញមានចំនួន ៥១នាក់មានផ្ទុកសារធាតុញៀនត្រូវបានអនុវត្តវិធានការច្បាប់ និងបញ្ជូនទៅមណ្ឌលសំចត រីឯមនុស្សចំនួន ៣៥នាក់ដែលមិនមានសារធាតុញៀនតម្រូវឱ្យឪពុក ម្តាយមកធានាយកទៅអប់រំបន្តនៅមូលដ្ឋានវិញ។

លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន បានអះអាងថា: ក្នុងចំណោមក្មេងស្ទាវទាំង ៨៦នាក់ ក្រុមរើសអេតចាយបន្លំលួចពេលយប់ទាំងនេះតែងតែដើរបង្កបញ្ហាជាច្រើនដូចជា បន្លំលួច តាមផ្ទះ និងតាមទីសាធារណៈ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈជាដើមចាំបាច់ត្រូវបញ្ជូនទៅអនុវត្តទោសតាមច្បាប់៕
អត្ថបទ៖ ដំបងក្រញូង

