អតីតគ្រូបង្វឹក​ ដែលធ្លាប់ធ្វើការនៅលីគបាល់ទាត់នៃលីគកំពូលកម្ពុជា ចំនួន២ក្លិបធំៗ ក្នុងនោះ​រួម​មាន​ភ្លិបបាល់ទាត់អង្គរថាយហ្គឺរ និងព្រះខ័នរាជស្វាយ កំពុង​ធ្វើ​ព្យុះភ្លៀង​នៅ​លីគ​កំពូល​នៃ​ប្រទេស​ប៊ូតង់។

សារព័ត៌មានត្រយង សូមលើកយកអតីតគ្រូបង្វឹកដែលធ្លាប់ដឹកនាំនៅក្លិបនៃលីគកំពូលកម្ពុជា នោះ​មក​ជម្រាប​ជូនប្រិយមិត្ត​ដូច​តទៅ៖

លោក Oriol Mohedano សញ្ជាតិអេស៉្បាញ គឺជាអតីតគ្រូបង្វឹករបស់ក្រុម Cambodia Tiger ដែលប្តូរ​ជា​ទៅក្លិបអង្គរថាយហ្គឺរ បានចូលមកដឹកនាំចន្នោះឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ និងបានចូល​កាន់តំណែង​ជា​ជំនួយ​ការគ្រូបង្វឹករបស់ក្រុមព្រះខ័នរាជស្វាយរៀង នៅឆ្នាំ២០២២ បច្ចុប្បន្នបុរសវ័យ ៣៩ឆ្នាំ រូបនេះ​កំពុង​ដឹក​នាំ​ក្លិប​បាល់ទាត់ Paro FC សមាជិកលីគកំពូលរបស់ប្រទេសប៊ូតង់។

សម្រាប់ក្លិបបាល់ទាត់ Paro FC ម្ចាស់ជើងឯកលីគបាល់ទាត់នៃប្រទេសប៊ូតង់ ឆ្នាំ២០២៤-២៥ ត្រៀមប្រជែង​ពាន​រង្វាន់​កម្រិត​ទ្វីប AFC Challenge League រដូវកាលឆ្នាំ២០២៥-២៦ វគ្គជ្រុះក្នុងពូល ដែល​ខ្លួននឹងរៀបចំជាម្ចាស់ផ្ទះ ប្រកួតជាមួយក្រុម Altyn Asyr របស់តួកម៉េនីស្ថាន, Al-Shabab របស់អូម៉ង់ និង Abdysh-Ata Kant របស់កៀហ្ស៊ីស៊ីស្ថាន។

ដោយឡែកបើនិយាយពីចំណាត់ថ្នាក់ក្នុងលីគកំពូល Bhutan Premier League រដូវកាលឆ្នាំ២០២៥-២៦ គឺក្លិបបាល់ទាត់ Paro FC ដែលមានលោកOriol Mohedano ជាគ្រូបង្វឹកកំពុងឈរនៅកំពូលតារាង មាន ៤២ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ១៤ប្រកួត ឈ្នះ១៤ប្រកួត ខណៈកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ លោកOriol Mohedanoដឹកនាំ Paro FC បំបាក់ក្រុម Southern City FC ដោយលទ្ធផល ២០ ទល់នឹង០៕

Share.