រថយន្ដដឹកហ្គាសមួយគ្រឿងបានផ្ទុះឆេះ និងឆេះរាលដាលដល់រថយន្ដជាច្រើនគ្រឿងនៅក្រោមផ្លូវហាយវ៉េ នៃរដ្ឋធានីម៉ិកស៊ិក កាលពីថ្ងៃពុធ សប្ដាហ៍នេះ ដោយបណ្ដាលឱ្យមនុស្ស ៣នាក់ស្លាប់ និង៧០នាក់ទៀតរងរបួស អ្នករបួសភាគច្រើនរងការរលាកស្បែកធ្ងន់ធ្ងរ។​ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP News នាថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥។

រថយន្ដនេះបានដឹកហ្គាស ៤៩.៥០០លីត្រ ហើយពេលក្រឡាប់ផ្ទុះបានបណ្ដាលឱ្យមានអណ្ដាតភ្លើង និងផ្សែងហុយខ្មួលខ្មាញ់ ហើយបានឆេះរាលដាលដល់រថយន្ដជិត ៣០គ្រឿង និងបង្កឱ្យមានអ្នកស្លាប់ និងរបួសរាប់សិបនាក់ ក្នុងនោះមាន ១៩នាក់រងរបួសធ្ងន់។

ទាក់ទិននឹងបញ្ហានេះ អភិបាលក្រុងម៉ិកស៊ិក លោក Clara Brugada បាននិយាយថា «នេះជាគ្រោះថ្នាក់ដ៏អាក្រក់មួយ ហើយប៉ូលីសនឹងធ្វើការស៊ើបអង្កេតចំពោះករណីនេះ»។

ក្រុមអ្នកពន្លត់អគ្គិភ័យទីក្រុង Mexico City បាននិយាយថា ពួកគេបានពន្លត់ភ្លើងឱ្យរលត់ទាំងស្រុងនៅទីតាំងរថយន្តដឹកហ្គាសក្រឡាប់ ហើយមូលហេតុនៃគ្រោះថ្នាក់រថយន្តនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត៕

ប្រភព៖ AP News

Share.