ទើបតែប្រជុំចប់ ហើយមេការពារជាតិស្ដីទីថៃ ប្រកាសមានប្រទេសទី៣ ដាក់សម្ពាធឱ្យបើកព្រំដែនកម្ពុជាថៃ រវាងខេត្តចន្ទបុរី និងត្រាតរបស់ថៃ ជាមួយកម្ពុជា ស្រាប់តែថ្ងៃនេះ កងទ័ពភូមិភាគ២ បានរាយការណ៍ថា ពួកគេបានរកឃើញ គ្រាប់មីន MD82B ដែលគេសង្ស័យថាជាគ្រាប់មីនប្រឆាំងរថក្រោះ ចំនួន ៤ គ្រាប់ នៅតំបន់ជើងភ្នំ ភាគខាងលិចប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ។ គ្រាប់មីនទាំងនោះត្រូវបានរកឃើញនៅចម្ងាយប្រមាណ ៣ ម៉ែត្រពីខ្សែលួសបន្លា។

អាជ្ញាធរជឿជាក់ថា អាចមានគ្រាប់មីនទី ៥ មួយទៀតនៅក្បែរនោះ ព្រោះមានសញ្ញាបង្ហាញពីឧបករណ៍ចាប់មីន។ កងទ័ពបានបញ្ជាក់ថា តំបន់ដែលរកឃើញគ្រាប់មីននេះ គឺជាផ្លូវដែលកងទ័ពកម្ពុជាតែងតែប្រើដើម្បីល្បាត និងចូលមកជិតខ្សែលួសបន្លារបស់ថៃ។ ការរកឃើញនេះ គឺជាការរំលោភបំពានលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាដែលប្រទេសទាំងពីរបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
យ៉ាងណាមិញ បញ្ហាដែលប្រទេសទី៣ ដាក់សម្ពាធឱ្យថៃបើកព្រំដែនជាមួយកម្ពុជា រដ្ឋមន្ត្រីដែលទើបបានអង្គុយកៅអីស៊ប់ ក្នុងអាណត្តិនាយករដ្ឋមន្ត្រីអនុទិនបានទទួលស្គាល់ថា ការបន្ធូរបន្ថយនេះគឺសម្រាប់តែការដឹកជញ្ជូនទំនិញប៉ុណ្ណោះ។ រដ្ឋមន្ត្រីទើបអង្គុយកៅអីបានស៊ប់ រូបនេះ បានសម្តែងការព្រួយបារម្ភពីការតវ៉ាពីសាធារណជន ហើយបានត្រៀមខ្លួនរួចជាស្រេចក្នុងការកែសម្រួលវិធីសាស្ត្រ ប្រសិនបើមានការជំទាស់។ លោកក៏បានស្នើសុំឱ្យសាធារណជនយោគយល់លើបញ្ហា (ព្រៃច័ន្ទ ភូមិជោគជ័យ កម្ពុជា) ផងដែរ។

នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ នាយឧត្តមសេនីយ៍ ណាត់ថាផន ណាក់ផានិច បានផ្តល់បទសម្ភាសន៍ក្រោយកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅថៃ-កម្ពុជា (GBC) ជុំវិញបញ្ហាព័ត៌មានក្លែងក្លាយដែលអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ លោកបានថ្លែងថា ការវាយតម្លៃជារួមនាពេលបច្ចុប្បន្នបង្ហាញពីការថយចុះនៃព័ត៌មានក្លែងក្លាយ។
ក្នុងអំឡុងពេលកិច្ចប្រជុំ ពួកគេបានពិភាក្សាអំពីរបៀបដែលព័ត៌មានក្លែងក្លាយបានបង្កឱ្យមានអាកប្បកិរិយាអវិជ្ជមានរវាងប្រជាជននៃប្រទេសទាំងពីរ។ ពួកគេបានស្នើសុំកិច្ចសហប្រតិបត្តិការដើម្បីកាត់បន្ថយព័ត៌មានក្លែងក្លាយ ដើម្បីទប់ស្កាត់ការស្អប់ខ្ពើមរវាងប្រជាជនទាំងពីរ។ លោកក៏បានលើកឡើងផងដែរថា បច្ចុប្បន្នមានគណៈកម្មាធិការមួយដែលដឹកនាំដោយលេខាធិការ GBC ដើម្បីដោះស្រាយការស៊ើបអង្កេតលើព័ត៌មានក្លែងក្លាយ។
ងាកមកវិញជាការកត់សម្គាល់ ជារៀងរាល់លើក ឱ្យតែបញ្ចប់កិច្ចប្រជុំកិច្ចការព្រំដែន កម្ពុជា ថៃ ភាគីថៃ តែងតែប្រកាសពីការដើរជាន់មីន របស់កងទ័ពខ្លួន ដែលបណ្ដាលឱ្យដាច់ជើង ប៉ុន្តែលើកនេះ ទំនងជារអៀសខ្លួន ដែលលេងតែយុទ្ធសាស្ត្រដដែល ទើបគេបញ្ចេញស្គ្រីបថ្មី មិនមានទាហានដើរជាន់មីនទេ តែរកឃើញមីន មីនប្រឆាំងរថក្រោះទៅវិញ៕

