ភ្នំពេញ៖ ជនសង្ស័យជា ក្រុមក្មេងទំនើង ក្រុមចាក់អង្រែ (CA) ,ក្រុមផ្សារក្រមួន និង ក្រុមតាខ្មៅត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បង្ក្រាប បានជាបន្តបន្ទាប់និងនាំយកបង្ហាញមុខជាសាធារណៈកាលពីព្រឹកថ្ងៃទី ១១ខែកញ្ញា ឆ្នាំ២០២៥បន្ទាប់ពីក្រុមក្មេងទំនើងទាំងនោះប្រដាប់ដោយដាវ ដុំថ្ម បង្កហឹង្សា កាប់និងវាយទៅលើជនរងគ្រោះចំនួន៣ករណីបណ្ដាឲ្យស្លាប់ម្នាក់និងរបួស៤នាក់។


លោកនាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃ ស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល ជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ និងបញ្ជារផ្ទាល់ ដោយឧត្តសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ, កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលបាន សហការជាមួយអធិការនគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជន សង្ស័យចំនួន១៤នាក់ ជាក្រុមក្មេងទំនើងដែលមានរហ័សនាម ក្រុមចាក់អង្រែ (CA) ក្រុមផ្សារក្រមួន និង ក្រុមតាខ្មៅនៅថ្ងៃទី០៩ និងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ សមត្ថកិច្ចដកហូតវត្ថុតាងម៉ូតូចំនួន០៧ គ្រឿង និងដាវកែច្នៃចំនួន០២ដើម ជាបន្តបន្ទាប់។

ប្រភពដដែលបានអោយដឹងទៀតថា ក្រុមក្មេងទំនើងនេះបង្ករហិង្សាដោយចេតនាមានចំនួន៣ករណីផ្សេងគ្នា។ ករណីទី១៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណៈភាពនៃជនរងគ្រោះ ព្រួតគ្នាយកដាវកែ ច្នៃដេញកាប់ ហើយយកមួកសុវត្ថិភាពគប់លើជនរងគ្រោះកំពុងជិះម៉ូតូឌុបគ្នាចំនួន០២ នាក់ បណ្តាលឲ្យអ្នកបើកម៉ូតូរេចង្កូតទៅបុកគម្របលូស្លាប់ ហើយអ្នកអង្គុយខាងក្រោយរត់គេចខ្លួនចូលពួនក្រោមរថយន្ត ហើយជនសង្ស័យយកដាវកែច្នៃតាមកាប់ចំកែងជើងរយះចេញឈាមរងរបួសធ្ងន់។ករណីនេះ ប្រព្រឹត្តនៅចំណុចមុខហាងលក់ម៉ូតូ យីហោ”ឈុតជារ៉ុង”ផ្ទះគ្មានលេខ ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីយប់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ។

ចំណែកជនរងគ្រោះទី១-ឈ្មោះ ចាន់ សុវណ្ណ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ (ស្លាប់) និងទី២-ឈ្មោះ ម៉ុល ពៅ ត្រូវមិត្តភក្តិនាំទៅព្យាបាលរបួសនៅមន្ទីរពេទ្យ ។
ករណីទី២៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ព្រួតគ្នាយកជើងធាក់ម៉ូតូឲ្យដួល រួចយកដាវកែច្នៃកាប់លើ ជនរងគ្រោះបណ្តាល ឲ្យរងរបួសដេរចំនួន១០ថ្នេរកាលពីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្លូវលេខ២១៧ ភូមិ ដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ក្រមនោះ ជាក្រុមក្មេងទំនើងឈ្មោះ ចាក់អង្រែ (CA) ក្រុមផ្សារក្រមួន និងក្រុមតាខ្មៅ)។

ករណីទី៣៖ ជាក្រុម ក្មេងទំនើងមានបក្ស ពួក ចំនួន ១២ម៉ូតូ និង ២៣នាក់ បានធ្វើសកម្មភាព វាយ នឹងគប់ ដុំថ្ម ទៅលើ ជនរងគ្រោះ បណ្តាលអោយរបួសធ្ងន់ម្នាក់ នឹង ស្រាលម្នាក់ នៅចំណុចមុខ នាយកដ្ឋានអង្គរក្ស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង១៤នាក់រួមវត្ថុតាងបន្ទាប់ពីបង្ហាញមុខជាសារធាណៈរួចសមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមច្បាប់៕
អត្ថបទ៖ សេង សាវី

