កំពង់ធំ៖ អភិបាលស្រុកស្ទោងប្រាប់ឲ្យអាជ្ញាធរឃុំត្រូវយកបញ្ហា.កង្វល់ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមកដាក់ចូលក្នុងផែនការអភិវឌ្ឍរបស់ខ្លួន។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានថ្លែងដូច្នេះនៅក្នុងពិធីប្រកាសដេញថ្លៃគម្រោង សាងសង់ផ្លូវការគ្រួសក្រហម លូ និងស្លាកសញ្ញា ដែលជាមួលនិធិឃុំឆ្នាំ២០២៥ ស្ថិតនៅក្នុងឃុំពពក ស្រុកសខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញានេះ។

ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថាការដេញថ្លៃ និងធ្វើផ្លូវនៅក្នុងឱកាសនេះ គឺត្រូវបើកឱ្យបានធំទូលាយ ជាផ្លូវដែលមានគ្រឹះក្រោម និងជើងទេរឹងមាំ ហើយស្របទៅតាមប្លង់ដែលក្រុមការងារចុះបញ្ជីលក្ខណៈដីធ្លីជាលក្ខណៈប្រព័ន្ធបានអនុម័តជូនបងប្អូនជាដីម្ចាស់កម្មសិទ្ធ និងជាដីផ្លូវសាធារណៈរបស់រដ្ឋ ធ្វើផ្លូវធំទូលាយព្រមទាំងប្រើប្រាស់បានយូរអង្វែង។

លោកអភិបាលស្រុក បានសាទរចំពោះដំណើរការដេញថ្លៃនៅក្នុងឱកាសនេះបានប្រព្រឹត្តទៅដោយរលូន និងតម្លាភាព ដែលមានអ្នកដេញថ្លៃបានដាក់ដេញថ្លៃចំនួនប្រាំបីក្រុមហ៊ុន ក្រោមក្រសែភ្នែកអាជ្ញាធរពាក់ព័ន្ធ មហាជន និងអ្នកសារព័ត៌មានជាច្រើនអង្គភាពផងដែរ។

លើសពីនេះលោកបាន ណែនាំដល់គណៈកម្មការលទ្ធកម្មឃុំ អាជ្ញាធរពាក់ព័ន្ធ ត្រូវតាមដានពិនិត្យរាល់ដំណើរការសាងសង់ផ្លូវរបស់ក្រុមហ៊ុន ដើម្បីធានាបាននូវបទដ្ឋានបច្ចេកទេស កិច្ចសន្យានិងគុណភាពផ្លូវ ហើយត្រូវនាំគ្នាជួយថែរក្សាទ្រព្យសម្បត្តិនេះឱ្យបាន ព្រោះវាជាសម្បត្តិរួមហើយជាចំណងដៃដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន។

សូមបញ្ជាក់ថា ផ្លូវក្រាលគ្រួសក្រហមដែលដាក់ដេញថ្លៃនៅក្នុងឱកាសនេះមានប្រវែង២គីឡូម៉ែត្រ ទទឹងគ្រួសក្រហម៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ លូចំនួន៥កន្លែង ស្លាកគម្រោង១ ស្ថិតនៅក្នុងភូមិ ចំនួន៥នៃឃុំពពក ដែរមានតម្លៃប៉ាន់ស្មានជាង២៣៤លានរៀល។បានទៅលើឈ្មោះក្រុមហ៊ុន.គង់ម៉ានី.ក្នុងតម្លៃជាង៦៤លានរៀល.តម្លៃទាបជាងគេ។

អត្ថបទ៖ ភ្នាក់ងារខេត្តកំពង់ធំ

Share.