ត្បូងឃ្មុំ៖ ផ្ទះមួយខ្នងសង់អំពីឈើប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅភូមិអំពិល ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ។ ពលរដ្ឋក្នុងភូមិបាននាំគ្នាបូមទឹកបាញ់ពន្លត់ភ្លើងដែលកំពុងឆាបឆេះ តែភ្លើងមិនបានថមថយនោះទេ គ្រានោះដែរលោកអធិការនគរបាលស្រុកក្រូចឆ្មារបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យដែលប្រចាំការ២៤ម៉ោងចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ ។

នគរបាលស្រុកក្រូចឆ្មារបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះថា ផ្ទះឈើដែលឆេះនេះគឺម្ចាស់បានបិទទ្វារចាក់សោរដោយទៅផ្ទះមួយទៀតនៅរកាខ្នុរ ដែលមានចម្ងាយពីផ្ទះនេះជិត១០គីឡូម៉ែត្រ ។
បន្ទាប់មក សមត្ថកិច្ចបានប្រាប់ដល់ម្ចាស់ផ្ទះឱ្យបានដឹងថា ផ្ទះភ្លើងកំពុងតែឆេះសូមប្រញាប់មកមើល ណាមួយផ្ទះឈើចម្ងាយផ្លូវរាងឆ្ងាយទម្រាំតែរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងនៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារមកដល់ គឺភ្លើងបានឆេះស្ទើតែអស់ទៅហើយ។ ចំណែកកូនៗរបស់ម្ចាស់ផ្ទះបានចេញទៅធ្វើការ ខ្លះមានប្ដីប្រពន្ធនៅស្រុកឆ្ងាយ ។

សមត្ថកិច្ចមូលដ្ឋានបានបន្តឲ្យដឹងទៀតថា ហេតុការណ៍អគ្គិភ័យនោះបានកើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ផ្ទះឈើប្រក់សង្ក័សី ជញ្ជាំងក្ដារទំហំ៦ម៉ែត្រ គុណ១២ ម៉ែត្រ ដែលមានម្ចាស់ផ្ទះឈ្មោះ យ៉ាន់ ថា ភេទប្រុស ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ។ ក្នុងពេលដែលភ្លើងកំពង់ឆេះ អ្នកភូមិរាប់សិបអ្នកបាននាំគ្នាជួយអន្តរាគមន៍ប្រើម៉ូទ័របូមទឹកបាញ់ពន្លត់តែគ្រាន់តែបាញ់ទប់ស្កាត់ និងការពារកុំឲ្យឆេះរាលដាលឆ្លងដល់ផ្ទះអ្នកផ្សេង ។



ផ្ទះដែលឆេះនេះសាងសង់នៅដាច់តែឯងរាងឆ្ងាយពីគេ ហើយប្រពន្ធបុរសម្ចាស់ផ្ទះតែងតែមកលក់ដូរមុខផ្ទះនៅពេលថ្ងៃពេលយប់ត្រូវទៅរកាខ្នុរ ប្ដីមានមុខរបរជាងធ្វើផ្ទះ ។ នៅក្នុងកិច្ចអន្តរាគមន៍បាញ់ទឹកពន្លត់ដោយទប់ស្កាត់មិនឱ្យអណ្ដាតភ្លើងប៉ើងឆេះទៅផ្ទះអ្នកផ្សេងនោះទេ ។
សមត្ថកិច្ចបញ្ជាក់ឲ្យដឹងទៀតថា ហេតុការណ៍នេះបណ្ដាលឡើយ ឆេះទាំងស្រុង ខូចខាតឆេះម៉ាស៊ីនបូមទឹក២គ្រឿង, ទូរទឹកកក១គ្រឿង, ម៉ាស៊ីនបោកខោអាវ:១គ្រឿង, ទូរទស្សន៍១គ្រឿង, ស្រូវ១៥បេ និងសម្ភារប្រើប្រាស់ផ្សេងៗទៀតមួយចំនួនធំ ។ មូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង។ គ្រោះអគ្គិភ័យនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ១ គ្រឿងនិងទឹក២ធុង ៕
អត្ថបទ៖ អាចារ្យលាក់

