លោក (Chuwit) បន្ទោសគណបក្ស ពណ៌ទឹកក្រូច ឬគណបក្សប្រជាជនថៃ ដែលល្ងង់ខ្លៅជួយបញ្ជូនសត្វកណ្តុរ ឱ្យឡើងធ្វើជាស្តេចតោ ដោយលោកចាត់ទុកថា វាគ្រាន់តែជាល្បែងនយោបាយរបស់មនុស្សចាស់ ដែលធ្វើជាព្រម ទទួលលក្ខខណ្ឌរបស់ក្មេងជាមុនសិន ហើយបន្ទាប់មកក៏បណ្តេញក្មេងនោះឱ្យទៅលេងកន្លែងផ្សេងប៉ុណ្ណោះ។

លោក (Chuwit Kamolvisit) អតីតអ្នកនយោបាយ និងជាអ្នកជំនួញដ៏ល្បីល្បាញ បានសម្តែងទស្សនៈអំពីស្ថានភាពនិងសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ បន្ទាប់ពី «មិនអនុញ្ញាតឱ្យប្រជាជនបោះឆ្នោតជ្រើសរើសអ្នកតាក់តែងរដ្ឋធម្មនុញ្ញដោយផ្ទាល់» ដោយបានលើកឡើងដូចខាងក្រោម៖
ដំបូងឡើយជាដើមឫស្សី ពេលយកទៅចិតក៏ក្លាយជាបំពង់កញ្ឆា…មិនទាន់បានប៉ុន្មានថ្ងៃផង លោក ថេង ណាត់ថាភុង (Theng) នៃគណបក្សប្រជាជន (People’s Party) ក៏ត្រូវតែប្រញាប់ប្រញាល់ចេញសេចក្តីថ្លែងការណ៍ដោយសំឡេងបាក់បែកទៅហើយ ព្រោះសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ មិនបានអនុញ្ញាតឱ្យប្រជាជនជ្រើសរើសសមាជិកក្រុមប្រឹក្សាតាក់តែងរដ្ឋធម្មនុញ្ញ (Constituent Assembly (CA)) ដោយផ្ទាល់ទេ ប៉ុន្តែបានផ្តល់សិទ្ធិឱ្យសភាអាចធ្វើវិសោធនកម្មបន្ថែមបាន។

និយាយជាភាសាប្រជាជនទូទៅ គឺប្រជាជនគ្មានសិទ្ធិដោយផ្ទាល់ទេ ប៉ុន្តែអនុញ្ញាតឱ្យតំណាងរាស្រ្ត (MPs) និងព្រឹទ្ធសមាជិក (Senators) ជាអ្នកជ្រើសរើសសមាជិកក្រុមប្រឹក្សាតាក់តែងរដ្ឋធម្មនុញ្ញវិញ។ អ្នកស្រុកគេដឹងគ្រប់គ្នាថា «នរណាជាអ្នកនៅពីក្រោយការគ្រប់គ្រងសំឡេងឆ្នោតរបស់ព្រឹទ្ធសមាជិក»។ ទំនងជាមានតែគណបក្សប្រជាជនមួយគត់ដែលមិនដឹង… ម្យ៉ាងទៀត ត្រូវធ្វើប្រជាមតិ ៣លើកទៀត ទោះបីជាលើកទី១ និងទី២ ធ្វើដំណាលគ្នាក៏ដោយ ក៏វាជាមធ្យោបាយមួយដើម្បីបង្ហាញថា «មិនអាចធ្វើតាមលក្ខខណ្ឌរយៈពេល ៤ខែ ដែលបានកំណត់នៅក្នុង កិច្ចព្រមព្រៀង ឬ MOA បានទេ»។

លោក អនុទិន (Anutin) អាចនិយាយដោយពេញមាត់ថា គាត់មិនមែនជាអ្នកដែលបានបំពានលក្ខខណ្ឌទេ ប៉ុន្តែគឺដោយសារតែតុលាការធម្មនុញ្ញបានសម្រេចដូច្នេះ។ ទោះបីជាលោក ថេង ប្រធានបក្សពណ៌ទឹកក្រូចប្រញាប់ប្រញាល់ចេញមុខការពារថា សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញមិនទាន់បានបិទច្រកមិនឱ្យ សមាជិកក្រុមប្រឹក្សាតាក់តែងរដ្ឋធម្មនុញ្ញ មកពីការបោះឆ្នោតរបស់ប្រជាជនក៏ដោយ ហើយបានដើរចុះពីលើវេទិកាជាមួយនឹងបក្ខពួករបស់គាត់ដោយព្យាយាមដោះសារយ៉ាងប្រញាប់ប្រញាល់ តែក៏មិនបានធ្វើឱ្យកង្វល់របស់ប្រជាជនត្រូវបានដោះស្រាយឡើយ… ប៉ុន្តែអ្នកដែលបានស្តាប់សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ យល់ច្បាស់ថា «ប្រជាជនមិនអាចជ្រើសរើស សមាជិកក្រុមប្រឹក្សាតាក់តែងរដ្ឋធម្មនុញ្ញ ដោយខ្លួនឯងបានទេ»។

តាមពិតទៅ វាប្រៀបដូចជា «ល្បែងរបស់មនុស្សចាស់» ដែលព្រមទទួលលក្ខខណ្ឌរបស់ក្មេងជាមុនសិន ហើយបន្ទាប់មកក៏បណ្តេញក្មេងដែលស្រែកឡូឡាឲ្យទៅលេងកន្លែងផ្សេង។ ទើបតែចាប់ផ្តើមសោះក៏វឹកវរដល់ម្លឹងទៅហើយ នេះនៅមានគណបក្សសម្ព័ន្ធរដ្ឋាភិបាលផ្សេងទៀតនិយាយថា មិនអាចប្រញាប់ធ្វើបានទេ ត្រូវតែប្រុងប្រយ័ត្ន និងអនុវត្តតាមលក្ខខណ្ឌរបស់តុលាការ។

កិច្ចព្រមព្រៀងដែលបក្សប្រជាជនបានចុះហត្ថលេខា គឺប្រៀបដូចជា ខុងមីង (Khongming) ក្នុងរឿង «សាមកុក» (Three Kingdoms) ដែលក្រោយមកបែរជាត្រូវមកថ្ងូរក្នុងចិត្តថា នេះប្រហែលជាវាសនាអាក្រក់របស់យើងហើយ។ ខ្ញុំបានព្រមានហើយព្រមានទៀតថា គណបក្សប្រជាជនបានបរាជ័យជាមួយនឹងលក្ខខណ្ឌដែលធ្លាប់បាននិយាយ។ គណបក្សណាដែលទទួលយកបាន ក៏បានសំឡេងឆ្នោតធ្វើជានាយករដ្ឋមន្ត្រី ដែលមើលទៅមានអំណាចខ្លាំងណាស់ ប៉ុន្តែក្នុងកិច្ចប្រតិបត្តិការ មានកត្តាផ្សេងៗទៀតជាច្រើនដែលគណបក្សដឹកនាំអាចយកមកធ្វើជាលេសបាន។ ឬបើលេងល្បែងកាន់តែស៊ីជម្រៅជាងនេះទៅទៀត ក៏ធ្វើពុតជាប្រញាប់ប្រញាល់រៀបចំតុប្រជុំពិគ្រោះយោបល់ជាមួយគ្រប់ភាគី។

ប៉ុន្តែចុងក្រោយក៏បញ្ចប់ត្រឹមថា វាមិនទាន់ពេលវេលាពិតប្រាកដក្នុងរយៈពេល ៤ខែទេ តុលាការធម្មនុញ្ញបាននិយាយបែបនេះ មិនអាចមិនអនុវត្តតាមបានទេ ព្រោះវាជាប់ពាក់ព័ន្ធជាមួយគ្រប់ស្ថាប័នទាំងអស់ និយាយដូចគ្នាទាំងអស់ដូចជាទូរស័ព្ទគាំងអ៊ីនធឺណិតអញ្ចឹង។ ដូច្នេះហើយ ទើបភាពល្ងង់ខ្លៅរបស់គណបក្សប្រជាជនចាប់ផ្តើមលេចចេញឱ្យឃើញ។ អ្វីដែលអាចធ្វើបាន គឺគ្រាន់តែប្រញាប់ចេញមកដោះសារជារៀងរាល់ថ្ងៃប៉ុណ្ណោះ។ តើមានប្រយោជន៍អ្វីទៅចំពោះការកំណត់លក្ខខណ្ឌ និងការសម្រេចចិត្តរបស់គណបក្សប្រជាជន ដែលបានបោះឆ្នោតឲ្យលោក អនុទិន ធ្វើជានាយករដ្ឋមន្ត្រី?

អ្នកនយោបាយដែលមានបទពិសោធន៍ចាស់វស្សាយល់ច្បាស់ថា ឱ្យតែទទួលយកសិន ហើយចាំដោះស្រាយតាមក្រោយ។ គណបក្សប្រជាជនខ្លួនឯងទេដែលត្រូវមករត់លេងល្បែង «លាក់កន្សែង» បែបនេះ។
សួរដូចឆោត តើទៅរកបញ្ហាដាក់ខ្លួនធ្វើអ្វី? រំលាយសភាភ្លាមៗ មិនងាយស្រួលជាងទៅទៀត! ប៉ុន្តែវាយឺតពេលទៅហើយ!

កាន់តែយូរទៅៗ គណបក្ស (Bhumjaithai Party) និងគណបក្សសម្ព័ន្ធមិត្តនឹងកកកុញកម្លាំងនិងស្បៀងកាន់តែច្រើនឡើងៗ ដើម្បីរង់ចាំថ្ងៃបោះឆ្នោតដោយត្រៀមខ្លួនរួចរាល់បំផុត ខណៈដែលសំឡេងឆ្នោតរបស់គណបក្សប្រជាជននឹងធ្លាក់ចុះជាលំដាប់រាល់ថ្ងៃជាមួយនឹងលក្ខខណ្ឌ MOA ឬ កិច្ចព្រមព្រៀង ដែលបង្ហាញពីភាពល្ងង់ខ្លៅឲ្យប្រជាជនទូទៅបានឃើញ ហើយត្រូវអង្គុយដោះស្រាយចំណោទជារៀងរាល់ថ្ងៃ ដើម្បីទទួលខុសត្រូវចំពោះទង្វើដែលបានបោះឆ្នោតឲ្យ «កណ្តុរឡើងធ្វើជាស្តេចតោ»។

ដូច្នេះហើយ នយោបាយរបស់គណបក្សប្រជាជនគឺជាល្បែងដែលមនុស្សចាស់ក្នុងវិស័យនយោបាយបានលេងតាំងពីមុនពេលដែលក្មេងៗដូចជាគណបក្សប្រជាជននេះកើតមកម្ល៉េះ។
ចំណែកឯប្រជាជនទូទៅវិញបានត្រឹមតែស្រែកថា «ដំបូងជាដើមឫស្សី ពេលយកទៅចិត ហេតុអ្វីក៏ក្លាយជាបំពង់កញ្ឆា» ហើយវាក៏ជារបស់ដែលគណបក្សភូមិចៃថៃចូលចិត្តទៀតផង៕

Share.