បាត់ដំបង÷ រយៈពេល ៩ខែ ក្នុងឆ្នាំ ២០២៥ នេះសមត្ថកិច្ចនគរបាលក្នុងភូមិសាស្ត្រខេត្តបាត់ដំបង អនុវត្តវិធានការបង្រ្កាបក្រុមក្មេងទំនើងបានសរុបចំនួន ២៨៣នាក់ ស្មើ ៥៣ ករណីអនុវត្តន៍ វិធានការច្បាប់។




នគរបាលការិយាជំនាញបានឲ្យដឹង នៅព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៥នេះថា តាមរយ:ការប្រើវិធានការច្បាប់ក្នុងសំណុំរឿងខាងលើ ករណីមួយចំនួនបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត និងមួយចំនួនទៀតចាត់ការតាមវិធានការរដ្ឋបាលដកហូតរក្សាទុកមធ្យោបាយរយៈពេលខ្លី និងរយៈពេលវែង ៣ខែ នៅក្នុងមូលដ្ឋានហើយបង្គាប់ឱ្យធ្វើពលកម្ម អនាម័យ មុននឹងឱ្យអាណាព្យាបាលមកធានាយកទៅអប់រំបន្តនៅមូលដ្ឋានវិញ ថែមទាំងមានលក្ខណ្ឌច្បាប់ច្បាស់លាស់ផងដែរ។

ក្រៅពីនេះ ក៏មានពួកក្មេងទំនើងចំនួន ៥១៥នាក់ ស្រីចំនួន ៥នាក់ បែងចែកចំនួន ៧៨ ក្រុមកំពុងស្ថិតក្នុងបញ្ជីគ្រប់គ្រង តាមដានជាប់ជាប្រចាំរបស់នគរបាល ក្នុងរយៈពេលសមស្របមួយអង្គភាពនគរបាលបានកោះហៅ ពួកគេជាក្រុមៗមកសាកសួរដើម្បីឱ្យដឹងអំពីរចនាសម្ព័ន្ធគោលបំណង និងផែនការដែលគេប៉ងធ្វើសកម្មភាពនៅមូលដ្ឋាន ដោយបង្កការរំខាន បង្កភាពអាណាធិបតេយ្យ បង្កេីតជម្លោះជាមួយក្រុមផ្សេង ឬបំពេញបែបបទបន្ថែម និងចាត់វិធានការបំបែកសំបុកពួកគេបានមុនមិនឱ្យពួកគេប្រមូលផ្តុំធ្វើសកម្មភាពបានបន្ត។




តាមរបាយការណ៍រយៈពេល ៩ខែ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គិតចាប់ពីខែ វិច្ឆិកា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ១៩ សីហា ឆ្នាំ ២០ប២៥ ដែលត្រូវបានធ្វើការបូកសរុបនាពេលកន្លងមកលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ថា កិច្ចប្រតិបត្តិការក្នុងរយៈពេលកន្លងទៅនេះគឺផ្អែកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ផ្តោតសំខាន់លើការងារបង្ការទប់ស្កាត់ និងបង្រ្កាបឱ្យបានក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានព្រមទាំងចាត់វិធានការតឹងរឹងបំផុត។




រយៈពេល ៩នេះស្ថានភាពក្មេងទំនើង បានថយចុះចំនួន ១១ករណី បើប្រៀបធៀននឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤។ ទោះជាបែបនេះក្នុងការងារបូកសរុបលោកឧត្តមសេនីយ៍ទោស្នងការបានស្នើឱ្យសមត្ថកិច្ចនគរបាលត្រូវបន្តខិតខំឱ្យខ្លាំងក្លាបន្ថែមទៀតពិសេសការផ្សព្វផ្សាយនៅតាមទីសាធារណៈ កន្លែងកំសាន្តសប្បាយតាមសាលារៀន ទីអារាម និងសហគមន៍មូលដ្ឋាន ឱ្យបានច្រើន ហើយគប្បីមានការចូលរួម សហការណ៍ពីអាណាព្យាបាលរបស់ពួកគេ ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ គ្រប់មជ្ឈដ្ឋាន ដើម្បីលុបបំបាត់ខុសច្បាប់នេះឱ្យទាបបំផុតក្នុងពេលខាងមុខ៕
អត្ថបទ: ដំបងក្រញូង
