ពោធិ៍សាត់៖ ស្របពេលដែលដើមផ្កាតូចធំហាក់ធ្លាក់សម្រស់ក្រោមក្រសែភ្នែកដ៏មុតស្រួចរបស់ថ្នាក់ដឹកនាំនិងត្រូវផ្លាស់ប្ដូរមកវិញជាផ្កាសាគូរ៉ានាពេលខាងមុខដើម្បីបង្កើនសោភ័ណភាពនៅលើបុរីវប្បធម៌កោះសំពៅមាសជាគោលដៅទេសចរណ៍បែបវប្បធម៌ដ៏ទាក់ទាញមួយនៅកណ្ដាលក្រុងពោធិ៍សាត់ឱ្យមានសម្រស់កាន់តែស្រស់បំព្រងទ្វេឡើង។

បើតាមលោកសួងសារ៉ាវុធ នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ បានឱ្យដឹងថា ដោយសារតែមើលឃើញ ដើមផ្កាតូចធំនៅលើបុរីវប្បធម៌កោះសំពៅមាសដែលធ្លាប់តែបង្អួតសម្រស់ដ៏ស្រស់ស្អាតនៅពេលកន្លងមក បែបរាងចាស់ធ្លាក់សម្រស់តែបន្តិច ឯកឧត្តមខូយរីដា អភិបាលខេត្តពោធិ៍សាត់បានសម្រេចផ្លាស់ប្ដូរថ្មីដោយជំនួសមកវិញជាដើមផ្កាសាគូរ៉ា ដើម្បីកែប្រែសោភ័ណភាព គោលដៅទេសចរណ៍បែបវប្បធម៌សណ្ដូកខ្លួនកណ្ដាលស្ទឹងក្នុងទីប្រជុំជនក្រុងពោធិ៍សាត់មួយនេះឱ្យកាន់តែមានសម្រស់ស្រស់ធ្វេឡើងអន្ទងចំណាប់អារម្មណ៍ភ្ញៀវឱ្យមកកំសាន្តលើសមុន ពីលើសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធនានាដែលបានអភិវឌ្ឍនាពេលកន្លងមកស្រាប់។


លោកបានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នដើមផ្កាទាំងនោះបាននឹងកំពុងដកចេញជាបន្តបន្ទាប់ហើយនៅពេលរៀបរយនិងត្រូវយកដើមផ្កាសាគូរ៉ាមកដាំជំនួសថ្មីវិញទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ។
សូមបញ្ជាក់ថា បុរីវប្បធម៌កោះសំពៅមាស សណ្ដូកខ្លួននៅកណ្ដាលស្ទឹងក្នុងទីប្រជាជនក្រុងពោធិ៍សាត់ ជាគោលដៅទេសចរណ៍បែបវប្បធម៌មួយក្នុងចំណោមកន្លែងកំសាន្តជិត 30 ក្នុងខេត្តពោធិ៍សាត់ ដែលទាក់ទាញភ្ញៀវទាំងក្នុងនិងក្រៅខេត្តឲ្យមកកំសាន្តចំនួនច្រើនផងដែរ៕

អត្ថបទ៖ ពោធិ៍សាត់

Share.