កំពង់ស្ពឺ ៖ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីបង្ការ និងទប់ស្កាត់ករណីលួចគោរបស់ប្រជាពលរដ្ឋដែលកើតឡើងជាហូរហែនាពេលថ្មីៗនេះ។
យោងតាមរបាយការណ៍ នៅយប់ថ្ងៃកើតហេតុ កម្លាំងល្បាតតាមបណ្តោយផ្លូវជាតិលេខ ៥១ ក្នុងភូមិរោងដំរី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បានប្រទះឃើញជនសង្ស័យម្នាក់កំពុងអង្គុយនៅលើម៉ូតូហុងដា C125 ពណ៌ខ្មៅ គ្មានផ្លាកលេខ ស៊េរីឆ្នាំ ២០០៨ ដោយមានកិរិយារងចាំអ្នកណាម្នាក់គួរឱ្យសង្ស័យ។ កម្លាំងសមត្ថកិច្ចបានសាកសួរនាំ តែជនសង្ស័យបានឆ្លើយរដិបរដុប មិនច្បាស់លាស់ពីគោលបំណងរបស់ខ្លួនឡើយ។ ហេតុនេះ កម្លាំងនគរបាលបាននាំខ្លួនជនសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំតូច ដើម្បីសួរនាំបន្ថែម។
ជនសង្ស័យខាងលើបានសារភាពថាខ្លួនឈ្មោះ វង់ ចាន់ផាក់ ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិធម្មយុទ្ធ សង្កាត់ផ្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ គាត់បានឱ្យដឹងថា ខ្លួនត្រូវបានបុគ្គលម្នាក់ឈ្មោះ សំ ដារ៉ា ហៅ រ៉ា ភេទប្រុស អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រាច ខេត្តកំពង់ឆ្នាំង ជួលឱ្យដឹកមនុស្សម្នាក់ទៀតឈ្មោះ នុត រ៉ា ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅខេត្តកំពង់ឆ្នាំង ពីសួនសត្វសាហ្វារី មកទម្លាក់ចោលនៅចំណុចខាងលើនេះ។
ក្រោមការដឹកនាំផ្ទាល់ពី លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុក ជនសង្ស័យឈ្មោះ វង់ ចាន់ផាក់ បានបន្តសារភាពថា បុគ្គលដែលខ្លួនបានដឹកមកនោះ គឺជាសមាជិកក្នុងក្រុមចោរលួចគោនៅខេត្តកំពង់ស្ពឺ ហើយពួកគេបានធ្វើសកម្មភាពលួចយកគោជាច្រើនលើករួចមកហើយ មុននឹងដឹកយកទៅលក់នៅឯខេត្តកំពង់ឆ្នាំង។ តាមការចងចាំមិនច្បាស់លាស់ ពួកគេបានលួចគោនៅតាមស្រុកនានាក្នុងខេត្តកំពង់ស្ពឺដូចជា៖
- ស្រុកសាមគ្គីមុនីជ័យ ចំនួន ២ លើក
- ស្រុកសំរោងទង ចំនួន ២ លើក
- ស្រុកភ្នំស្រួច ចំនួន ៣ លើក
- ស្រុកគងពិសី ចំនួន ៧ លើក
តាមរយៈចម្លើយរបស់ជនសង្ស័យ និងដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ កម្លាំងនគរបាលបានឈានទៅដល់ការឃាត់ខ្លួនមុខសញ្ញាសង្ស័យឈ្មោះ សំ ដារ៉ា ហៅ រ៉ា ដែលជាមេក្លោងក្នុងអំពើលួចគោនេះ។
បច្ចុប្បន្ន ជនសង្ស័យទាំង ២ នាក់ ព្រមទាំងវត្ថុតាងមួយចំនួនរួមមានទូរស័ព្ទ ២ គ្រឿង និងម៉ូតូ ១ គ្រឿង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យព្រហ្មទណ្ឌខេត្តចាត់ការតាមនីតិវិធីច្បាប់៕



អត្ថបទ៖ចតុមុខ
