យ៉ាងហោចណាស់មានប៉ូលិសចំនួន ២៦ នាក់បានរងរបួស នៅអំឡុងពេលបាតុកម្មទ្រង់ទ្រាយធំជាប្រវត្តិសាស្ត្រដែលក្រុមបាតុករភាគច្រើនជាសកម្មជនស្តាំនិយម Tommy Robinson នាំគ្នាលើកទ័ពមកប្រមូលផ្ដុំជាង ១៥ ម៉ឺននាក់ នាក់ដើរឆ្លងកាត់កណ្តាលទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នាពេលថ្មីៗនេះ។

ភាពតានតឹងមួយនេះបានផ្ទុះឡើងនៅក្នុងការប្រមូលផ្តុំដោយបាតុករចំនួនច្រើនលើសលប់ មានខ្លះបានបោះដប និងគ្រាប់កាំភ្លើងផ្សែងផ្សេងទៀតទៅលើប៉ូលីសទៀតផង។ ប៉ូលីស Metropolitan បាននិយាយថា ក្រុមបាតុកម្មបានកាន់ទង់ជាតិអង់គ្លេស និងទង់ St George’s Cross ដោយមានការប៉ះទង្គិច និងប្រើហិង្សាដាក់ប៉ូលិស។ ពួកគេបានដាក់ឈ្មោះបាតុកម្មនេះថា “Unite the Kingdom” ដឹកនាំដោយអ្នកតស៊ូប្រឆាំងការចូលមករបស់ជនអន្តោប្រវេសន៍ Tommy Robinson។
សារព័ត៌មានBBC ក៏បានបញ្ជាក់ទៀតថា មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បាននិយាយទៅកាន់ក្រុមបាតុករនៅលើ Whitehall តាមរយៈតំណភ្ជាប់វីដេអូ ខណៈមនុស្ស ៥០០០ នាក់បានចូលរួមបាតុកម្មប្រឆាំងនៅក្បែរនោះដែលរៀបចំដោយ Stand Up To Racism ។ ប៉ូលិសបានបញ្ជាក់ប្រាប់ BBC ទៀតថា ពួកគេមិនស្មានសោះឡើយថា បាតុកម្មនេះមានទ្រង់ទ្រាយធំដល់ម្លឹង បាតុករដែលមកចូលរួមកកកុញមើលទៅដូចទឹកបាក់ទំនប់ រហូតតំបន់ដល់ Whitehall និងParliament Square មិនអាចទទួលយកបាន។
នៅក្នុងពេលប៉ះទង្គិច ប៉ូលិសបានរាយការណ៍ថា ពួកគេត្រូវបានរងនូវអំពើហិង្សារបស់ក្រុមបាតុករចាប់ទាត់ ទះមុខ និងខ្លះរបួសដោយសាអំបែងដប ភ្លើងកាំជ្រួច និងវត្ថុផ្សេងៗដែលក្រុមបាតុករប្រើជាអាវុធបញ្ចេញកំហឹង។ យ៉ាងហោចណាស់មានប៉ូលិស ២៦ នាក់រងរបួស ហើយក្នុងនោះ ៤ នាក់មានរបួសធ្ងន់ដោយសារការចាប់ខ្លួនបាតុករបាន ២៥ នាក់ ក្រៅពីនេះសេះរបស់ប៉ូលិសក៏រងរបួសផងដែរ៕

