កំពង់ធំ៖ ការដេញថ្លៃគម្រោងជួសជុលប្រឡាយប្រវែងជិត២ពាន់ម៉ែត្រ ដែលជាគម្រោងមូលនិធិឃុំ/សង្កាត់ឆ្នាំ២០២៥ ត្រូវបានចេញជាផ្លែផ្កាហើយនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ។

លោក សាយ គឹមឡម អភិបាលស្រុកស្រុកស្ទោង បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងឃុំចំណារក្រោមប្រមាណស្ទើរតែ១០០% ជាអ្នកប្រកបករបរកសិកម្ម ជាពិសេសការធ្វើស្រែប្រាំង ហើយគម្រោងមូលនិធិឃុំដែលនឹងស្តារប្រឡាយប្រមាណជិត២គីឡូម៉ែត្រនៅក្នុងឱកាសនេះ នឹងបានរួមចំណែកយ៉ាងធំធេងក្នុងការផ្ដល់ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ជាពិសេសធ្វើស្រូវប្រាំង ដាំដំណាំបន្លែបផ្សេងៗ និងអាចលើកម្ពស់សេដ្ឋកិច្ច សុខមាលភាពប្រជាពលរដ្ឋបានមួយកម្រិតដែលសមស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកក៏បានសាទរជាមួយនឹងគម្រោងអភិវឌ្ឍរបស់រដ្ឋបាលខេត្តកំពង់ធំ ដែលមានឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំអនុវត្ត សម្រាប់អភិវឌ្ឍឃុំចំណាក្រោម ដែលនឹងដំណើរការក្នុងពេលឆាប់ៗនៅរដូវប្រាំងខាងមុខនេះដែលនឹងអាចបង្កើតកម្លាំងពលកម្មជាច្រើនពាន់នាក់ ដែលជាផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលត្រូវធ្វើការអភិវឌ្ឍនៅនឹងមូលដ្ឋានដើម្បីពលរដ្ឋមានការងារធ្វើក៏ដូចជាលើកកម្ពស់ជីវភាពប្រចាំថ្ងៃថែមទៀត។
ជាចុងបញ្ចប់ លោកបានណែនាំដល់គណៈកម្មការលទ្ធកម្មឃុំ ក៏ដូចជាអ្នកទទួលការម៉ៅការឈ្នះនៅគម្រោងដេញថ្លៃនេះត្រូវសហការគ្នាព្រមទាំងតាមដាននូវដំណើរការជួសជុលប្រឡាយ ព្រមទាំងសំណង់ផ្សេងៗនៅជាមួយនេះ ប្រកបដោយបទដ្ឋានបច្ចេកទេសកិច្ចសន្យា អាចបម្រើផលប្រយោជន៍រួមរបស់ពលរដ្ឋនៅក្នុងមូលដ្ឋានបានយូរង្វែង។

គួរបញ្ជាក់ថា ការដេញថ្លៃគម្រោងជួសជុលប្រឡាយនៅក្នុងឱកាសនេះគឺប្រឡាយប្រវែង១,៧០០ម៉ែត្រលូ៤កន្លែង ទ្វារទឹក២. ស្លាកគម្រោង១.បានទៅក្រុមហ៊ុនមូលសៀកក្នុងតម្លៃទាបជាងគេ.៣៨លានរៀល.ខណះតម្លៃប៉ាន់ស្មានសរុប ១៨៨,៦៨០,៥២៥រៀល។
អត្ថបទ៖ កំពង់ធំ

