អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលកំពុងជាប់ពន្ធនាគារ ត្រូវបានគេបញ្ជូនទៅកាន់ផ្នែកវេជ្ជសាស្ត្ររបស់ពន្ធនាគារកាលពីថ្ងៃចន្ទ (ទី១៥ ខែកញ្ញា) ដោយសារអាយុ និងបញ្ហាសុខភាពរ៉ាំរ៉ៃ។ នេះបើតាមការឱ្យដឹងពីមន្ត្រីនាយកដ្ឋានពន្ធនាគារម្នាក់ប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP។

មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានពន្ធនាគារម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ និងអត្តសញ្ញាណបាននិយាយថា ទណ្ឌិត ថាក់ស៊ីន បានផ្លាស់ចេញពីបន្ទប់ឃុំឃាំងក្នុងពន្ធនាគារ ទៅស្នាក់នៅផ្នែកវេជ្ជសាស្ត្ររបស់ពន្ធនាគារវិញ ដោយសារអាយុនិងស្ថានភាពសុខភាពរបស់គាត់ដែលមានជំងឺរ៉ាំរ៉ៃ”។
មន្ត្រីរូបនោះមិនបានបញ្ជាក់លម្អិតទេថា តើលោក ថាក់ស៊ីន កំពុងទទួលការព្យាបាល ឬគ្រាន់តែត្រូវបានផ្លាស់ទៅផ្នែកវេជ្ជសាស្ត្រជាវិធានការការពារទុកជាមុន។ ស្របពេលជាមួយគ្នានោះដែរ អតីតនាយករដ្ឋមន្ត្រីទី៣១ របស់ថៃ ផែថងថាន ក្រោយ បាន ចូលទៅសួរសុខទុក្ខឪពុក រយៈពេល ៣០ នាទី ចេញមក វិញ បាន ប្រាប់ អ្នក សារព័ត៌មាន ថា៖ «សុខភាពរបស់គាត់ល្អប្រសើរ។ គាត់មានបញ្ហាសម្ពាធឈាមខ្លះ ប៉ុន្តែវាជារឿងធម្មតាសម្រាប់មនុស្សគ្រប់គ្នាដែលស្នាក់នៅក្នុងពន្ធនាគាររមែងមាន អារម្មណ៍តានតឹង។»
ការផ្លាស់ប្ដូរចេញពីបន្ទប់ឃុំឃាំងទៅកាន់ផ្នែកវេជ្ជសាស្ត្រទាំងជាប់ឃុំឃាំងមិនដល់សប្ដាហ៍នេះត្រូវបានប្រជាជនថៃ ពិសេសមនុស្សដែលមិនគាំទ្ររបបថាក់ស៊ីន ដាក់ការសង្ស័យថា តិចលោក លោក កំពុងប្រើល្បិចចាស់ យកជំងឺជា លេស ដើម្បីគេចចេញពីការឃុំឃាំង ក្នុងពន្ធនាគារដូចពីពេលកន្លងមកឬយ៉ាងណា?

