តាមរយៈសារព័ត៌មាន AP បានចេញផ្សាយនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសម្ដីដ៏គ្រោះថ្នាក់របស់លោក Elon Musk ដែលជាស្ថាបនិកក្រុមហ៊ុន SpaceX និង Tesla ញុះញង់ឱ្យក្រុមបាតុករតវ៉ាប្រឆាំងការបណ្ដេញជនអន្តោប្រវេសន៍​ខុសច្បាប់ និងបង្កឱ្យមានការប្រើហឹង្សានៅចក្រភពអង់គ្លេស ដោយពួកគេបានស្រែកថា ត្រូវតែប្រយុទ្ធប្ដូរស្លាប់។

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទីក្រុងឡុងដ៏ ជាពិសេសនៅក្នុងទឹកដីនៃចក្រភពអង់គ្លេស ពុំដែលមានសកម្មភាពបាតុកម្មដែលមានមនុស្សរាប់ម៉ឺននាក់ដើរដង្ហែក្បួនឱ្យចលាចល និងប្រទុះសារាយដូចសកម្មភាពនាពេលនេះនោះទេ។ ក្រុមបាតុករស្តាំនិយមប្រឆាំងការធ្វើអន្តោប្រវេសន៍ខុសច្បាប់បានប្រមូលផ្ដុំគ្នាជាង ១៥ ម៉ឺននាក់ដោយដាក់ឈ្មោះមហាបាតុកម្មនោះថា Unite the Kingdom ជាការរួបរួមចក្រភពអង់គ្លេសមកវិញនៅថ្ងៃសៅរ៍ទី១៣ ខែកញ្ញា ឆ្នាំ ២០២៥។

កម្លាំងបាតុកម្មដ៏មហិមានេះ បានទម្លុះរបាំងការពាររបស់ប៉ូលិសអង់គ្លេសដោយអំពើហិង្សា គ្រាប់បែកផ្សែង និងអាវុធផ្សេងទៀត បណ្ដាលឱ្យប៉ូលិស ២៦ នាក់រងរបួសធ្ងន់។ ច្បាស់ណាស់ក្រុមបាតុករមិនត្រឹមតែបង្ហាញពីស្មារតីតវ៉ាប្រឆាំជាមួយជនអន្តោប្រវេសន៍ខុសច្បាស់ប៉ុណ្ណោះទេ ពួកការបានអំពាវនាវវឱ្យមានការរំលាយសភា និងការបោះឆ្នោតមុនកាលកំណត់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក Keir Starmer ដែលជាការឆ្លើយតបតាមសំណើររបស់មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ។

នៅក្នុងសុន្ទរកថាដែលភ្ជាប់មកជាមួយវីដេអូទៅកាន់ក្រុមបាតុករ មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បានប្រើសម្ដីញុះញង់ឱ្យក្រុមបាតុករពុះកញ្ជ្រោលធ្វើយ៉ាងឱ្យការគ្រប់គ្រងរបស់នាយករដ្ឋមន្ត្រីអង់គ្លេសសព្វថ្ងៃនេះត្រូវបានកាច់បំបាក់។ ក្រុមបាតុករបានប្រើប្រាស់ពាក្យរបស់លោក Elon Musk ថា “អំពើហឹង្សាកំពុងមករកអ្នកហើយ អ្នកត្រូវតែក្រោកតស៊ូឡើងវិញទោះត្រូវប្ដូរស្លាប់ក៏ដោយ”។

អ្នកនាំពាក្យនាយករដ្ឋមន្ត្រីអង់គ្លេសបានថ្លែងថា លោកគិតមិនដល់សោះថា ប្រជាជនអង់គ្លេសបែរជាយល់ស្របនិងគាំទ្រចំពោះសុន្ទរកថាមហាសេដ្ឋីបច្ចេកវិទ្យាបែបនេះ ចក្រភពអង់គ្លេសមានភាពយុត្តិធម៌ត្រឹមត្រូវ មិនឱនក្បាលចំពោះទង្វើមិនត្រឹមត្រូវនោះទេ ប៉ុន្តែអ្វីចុងក្រោយដែលអង់គ្លេសទទួលបានគឺជា ភាសាដ៏គ្រោះថ្នាក់ បង្កឱ្យមានការគំរាមកំហែង ការញុះញង់ឱ្យប្រើអំពើហិង្សា និងបំភិតបំភ័យប្រជាជននៅតាមដងផ្លូវទៅវិញ។

លោក Ed Davey មេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី បានអំពាវនាវឱ្យលោក Keir Starmer រួមជាមួយ​នឹងមេដឹកនាំបក្សប្រឆាំងអភិរក្សនិយម Keim Badenoch និងមេដឹកនាំកំណែទម្រង់ចក្រភពអង់គ្លេស Nigel Farage ចូលរួមថ្កោលទោសការប៉ុនប៉ងរបស់លោក Elon Musk ដែលបានបង្កជម្លោះ និងញុះញង់ឱ្យមានអំពើហិង្សានៅតាមដងផ្លូវ លើសពីនេះជ្រៀតជ្រែកលទ្ធិប្រជាធិបតេយ្យរបស់ចក្រភពអង់គ្លេសតែម្ដង៕

Share.