នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលទទួលពាក្យបណ្ដឹងនៃបញ្ជាការដ្ឋាននគរបាលស៊ើបអង្កេតកណ្តាល លោក អៀម បាងខែ ប្រធានគណៈកម្មការវត្ត រួមជាមួយលោក អាំភន ឡាលី ទីប្រឹក្សាវត្ត និងប្រជាជនជាង ១០ នាក់ផ្សេងទៀត បាននាំគ្នាមកដាក់លិខិតដើម្បីស្នើសុំឱ្យស៊ើបអង្កេតលើអាកប្បកិរិយារបស់ព្រះចៅ​អធិការ​វត្តមួយអង្គក្នុងខេត្តស៊ីសាកេត បន្ទាប់ពីមានការសង្ស័យថាអាចពាក់ព័ន្ធនឹងការកិបកេងប្រាក់វត្ត។ វត្តនេះជាវត្តល្បីឈ្មោះក្នុងខេត្ត និងជាកន្លែងទេសចរណ៍ដ៏សំខាន់ប្រចាំខេត្តផងដែរ។

លោក អៀម បានថ្លែងថា ចាប់តាំងពីឆ្នាំ ២០១៤ មក ប្រជាជនបានដាក់ពាក្យបណ្ដឹងទៅកាន់ព្រះមេគណស្រុក ព្រះមេគណខេត្ត រួមទាំងការិយាល័យព្រះពុទ្ធសាសនាក្នុងតំបន់ដើម្បីសុំឱ្យមានការត្រួតពិនិត្យវត្តនេះជាច្រើនលើកច្រើនសារ។ រាល់ពេលមានការប្រជុំម្ដងៗ ប្រជាជនក្នុងតំបន់មិនទទួលបានចម្លើយច្បាស់លាស់អំពីបញ្ហាដែលកើតឡើងក្នុងវត្តឡើយ។ ដូច្នេះហើយ ទើបថ្ងៃនេះពួកគេបាននាំគ្នាមកដាក់ពាក្យបណ្ដឹងទៅកាន់ នាយឧត្តមសេនីយ៍ទោ Jaroonkiat Pankaew ចារូណកៀត ប៉ានកែវ អនុស្នងការនៃបញ្ជាការដ្ឋាននគរបាលស៊ើបអង្កេតកណ្តាល ដើម្បីសុំឱ្យធ្វើការត្រួតពិនិត្យវត្តនេះ។

ដោយឡែក លោក អាំភន ដែលជាទីប្រឹក្សាវត្តនិងជាប្រជាជនក្នុងតំបន់បានរៀបរាប់ថា បញ្ហានេះកើតឡើងពីការសាងសង់ព្រះវិហារនិងឧបដ្ឋានសាលារបស់វត្ត។ នៅក្នុងនោះ ម្ចាស់ទានដែលមានសទ្ធាជ្រះថ្លាបានបរិច្ចាគប្រាក់ជាង ១ លានបាតចូលទៅក្នុងគណនីរបស់វត្ត ប៉ុន្តែការសាងសង់មិនទាន់រួចរាល់នៅឡើយទេ។ ហេតុនេះហើយ ប្រជាជនបានសួរនាំនិងស្នើសុំឱ្យព្រះចៅអធិការបកស្រាយពីការចំណាយផ្សេងៗ ប៉ុន្តែក៏មិនបានទទួលចម្លើយដែរ។ ប្រជាជននាំគ្នាមកស្នើសុំឱ្យព្រះចៅអធិការបកស្រាយលម្អិតពីការជួសជុលផ្សេងៗនៅក្នុងវត្តថាមានប្រភពចំណូលនិងចំណាយបែបណាឱ្យពិតប្រាកដ។ ហើយមុននេះ ក៏មានការសាងសង់ជាច្រើនយ៉ាងនៅក្នុងវត្តផងដែរ ដូច្នេះពួកគេចង់ឱ្យមន្ត្រីនគរបាលចូលទៅត្រួតពិនិត្យវត្តនេះឱ្យបានល្អិតល្អន់។

មុននេះ ព្រះចៅអធិការវត្តធ្លាប់បានប្តឹងប្រជាជនពីបទបរិហារកេរ្តិ៍ រឿងនេះបានទៅដល់តុលាការ ប៉ុន្តែតុលាការបានសម្រេចលើកលែងការចោទប្រកាន់រួចហើយ។ ក្រៅពីនេះ នៅមានបញ្ហាផ្សេងទៀតដែលប្រជាជននៅតែមានការសង្ស័យ ប៉ុន្តែមិនទាន់អាចនិយាយបានទេ ដោយសារបច្ចុប្បន្ននៅមិនទាន់មានភស្តុតាងច្បាស់លាស់។

ប្រជាជនក៏នៅតែមានការសង្ស័យទៀតថា ព្រះចៅអធិការនិងព្រះសង្ឃនៅវត្តប្រើប្រាស់ប្រាក់វត្តដោយគ្មានតម្លាភាព។ ពីព្រោះវត្តនេះមានព្រះសង្ឃតែ ៦ អង្គប៉ុណ្ណោះ ប៉ុន្តែបែរជាមានការបង្កើតគណៈកម្មការវត្តរហូតដល់ ៤៧ នាក់ ហើយម្នាក់ៗក៏មានភាពស្និទ្ធស្នាលជាមួយព្រះចៅអធិការទាំងអស់។ ម្យ៉ាងវិញទៀត គណនីធនាគាររបស់វត្តនេះមានដល់ទៅ ៣ ហើយអ្នកគ្រប់គ្រងគណនីនោះក៏ជាព្រះចៅអធិការខ្លួនឯងផងដែរ៕

Share.