រាជធានីភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំយុវជននិងកីឡានិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពដ៏សំខាន់មួយក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងរួមចំណែកដល់ការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។

ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាពដល់វិស័យកសិកម្ម ជាពិសេសការធានាសន្តិសុខស្បៀងក្នុងគ្រប់កាលៈទេសៈ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ដែលក្នុងនោះកម្មវិធីទី ៥ និងទី ៦ ផ្តោតលើការបង្កើនល្បឿននៃការអភិវឌ្ឍវិស័យកសិកម្ម សំដៅបន្តធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។

ក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងបុគ្គលិកសិក្សានៃគ្រឹះស្ថានឧត្ដមសិក្សាកសិកម្មទាំងបី ដែលបានខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍធនធានមនុស្ស។ ជាមួយគ្នានេះ ឯកឧត្តមបានផ្តល់អនុសាសន៍មួយចំនួនដើម្បីបន្តកិច្ចខិតខំនេះរួមមាន៖

  • បន្តលើកកម្ពស់គុណភាពការសិក្សា ដោយធ្វើទំនើបកម្មកម្មវិធីសិក្សាឆ្ពោះទៅកាន់ការធ្វើកសិកម្មទំនើប ឌីជីថល និងបច្ចេកវិទ្យាសិប្បនិម្មិត (AI)។
  • បង្កើនការស្រាវជ្រាវ និងការអនុវត្តជាក់ស្តែង ដើម្បីផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការងារជាក់ស្តែង និងបង្កើតជាកញ្ចប់បច្ចេកវិទ្យាសម្រាប់ជួយដល់កសិករ និងវិស័យឯកជន។
  • និស្សិតត្រូវបន្តរៀនសូត្រជានិច្ច ព្រោះការរៀនសូត្រគ្មានដែនកំណត់ ហើយការអភិវឌ្ឍសមត្ថភាពក្នុងជីវិតការងារគឺចាំបាច់បំផុត។

គួររំលឹកផងដែរថា ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក គ្រឹះស្ថានឧត្ដមសិក្សាកសិកម្មទាំងបីបានបណ្តុះបណ្តាលនិស្សិតចំនួន ៣០,៦៥៥ នាក់ ដែលក្នុងចំណោមអតីតនិស្សិតទាំងនោះ ៩៨.៨% បានទទួលការងារធ្វើរួចហើយ។ ជាងនេះទៅទៀត ក្នុងចំណោមមន្ត្រីកសិកម្មឃុំទាំង ១,៦០០ នាក់ ដែលត្រូវបានជ្រើសរើសដោយតម្លាភាពកន្លងមក មានមន្ត្រីចំនួន ៩៨៣ នាក់ ស្មើនឹង ៦១% គឺជាអតីតនិស្សិតនៃគ្រឹះស្ថានទាំងបីនេះ៕

ប្រភព៖ទំព័រហ្វេសប៊ុករដ្ឋមន្ត្រីអប់រំ

Share.