ភ្នំពេញ ៖ តំបន់ជាច្រើនក្នុងខណ្ឌពោធិ៍សែនជ័យ រួមទាំងសាលារៀនជម្ពូវ័ន ទាំងវិទ្យាល័យ ទាំងបឋមសិក្សា ត្រូវបានទឹកភ្លៀងជន់លិច បន្ទាប់ពីធ្លាក់ភ្លៀងប៉ុន្មានថ្ងៃជាប់គ្នាមកនេះ ហើយអាជ្ញាធរចុះពិនិត្យមើលស្ថានភាពនៃតំបន់ទឹកភ្លៀងជន់លិច និងមានចំណាត់ការ ដើម្បីបង្ហូររំដោះទឹកចេញ ។ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះផងដែរ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដាក់គ្រឿងចក្រ កាយបារ ស្តារសំរាម ចេញពីប្រឡាយ នៅក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីពន្លឿនចរន្តទឹកហូរ ។

ក្នុងប៉ុន្មានថ្ងៃជាប់គ្នាមកនេះ ភ្លៀងធ្លាក់ច្រើន ធ្វើឱ្យទឹកជន់លិច ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ទទួលរងទឹកជន់លិច រួមទាំងសាលារៀនជម្ពូវ័នផង ទាំងវិទ្យាល័យ ទាំងបឋមសិក្សា មកដល់ថ្ងៃទី១៦ ខែកញ្ញា នេះ ទឹកជន់លិចសាលានៅឡើយទេ ។

ដោយសារទឹកភ្លៀងជន់លិចតំបន់ជាច្រើនក្នុងខណ្ឌពោធិ៍សែនជ័យ អាជ្ញាធរក្រុង ខណ្ឌ សង្កាត់ ខ្នះខ្នែង ប្រើម៉ាសុីនបូមទឹកជាជំនួយ ដើម្បីបូមទឹកចេញពីតំបន់សំខាន់ៗ តំបន់ណាមិនសំខាន់ ទឹកនៅបន្តជន់លិចជិតមួយសប្តាហ៍ហើយ ពលរដ្ឋព្រួយបារម្ភ ពេលឃើញមេឃងងឹតម្តងៗ ខ្លាចទឹកជន់ហូរចូលផ្ទះសម្បែង ។

តែទោះជាយ៉ាងណាក្តី អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យ កាយ បារ ស្តារ សំរាម តាមប្រឡាយ ដើម្បីពន្លឿនចរន្តទឹកហូរ ដូចនៅក្នុងសង្កាត់កាកាបទី២ ក្នុងប្រឡាយពោរពេញដោយសំរាម ត្រូវបានអាជ្ញាធរដាក់គ្រឿងចក្រ កាយសម្អាត ។

ដោយឡែកស្ថានភាពទឹកជន់លិច ទាំងពីលិចជន់ហូរចូលផ្ទះរហូតដល់ជន់លិចផ្លូវ នៅក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ អស់រយៈពេល៥ថ្ងៃហើយ ស្ថានភាពទឹកនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅពេញផ្លូវដដែល លាយឡំជាមួយក្លិនស្អុយ ៕

អត្ថបទ៖ តាតុងសែនជ័យ

