ត្បូងឃ្មុំ៖ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសួង​ ស្រុកពញាក្រែក​ និងស្រុកអូររាំងឪ ធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥  និងបាននាំខ្លួនក្រុមក្មេងទំនើងចំនួន៥នាក់ រួមនិងម៉ូតូមួយគ្រឿងម៉ាក Nex ពណ៌ខៀស ពាក់ស្លាក់លេខត្បូងឃ្មុំ ១M-១៩០៨ យកមកស្នងការការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីធ្វើការសាកសួរ ហើយក្រុមពួកក្មេងទំនើងខាងលើបានឆ្លើយសារភាពថា ក្រុមពួកខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូ ពិតមែន។

 លោក វរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងដ្ឋានខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាឯកភាពរដ្ឋបាលខេត្ត និងការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់លោកវរសេនីយ៍ឯក​ អ៊ាង​ ពិសិដ្ឋ​  ស្នងការរង​ ទទួល​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ សហការជាមួយកម្លាំង ជំនាញនៃអធិការដ្ឋាននគរបាលក្រុងសួង ស្រុកពញាក្រែក​  និងស្រុកអូររាំងឪ ធ្វេីការស្រាវជ្រាវជាបន្តបន្ទាប់​ តាមការរាយការណ៍ និងការចុះផ្សាយគណនីហ្វេសប៊ុកផេក ឈ្មោះ NFP News កាលពីថ្ងៃ១៤-៩-២៥ ដោយសរសេរខ្លឹមសារថា”ត្បូងឃ្មុំបិណ្ឌទី៧ ឃើញក្មេងស្ទាវៗ ទៅវត្តចេះធ្វើបុណ្យខំសរសើរអ្វី នឹកស្មានមិនដល់ជិះម៉ូតូតែកង់មួយ ដោយភ្ជាប់ជាមួយ គ្លីបវីដេអូចំនួន ១នាទី និង ៣៤វិនាទី “។ 

លោកស្នងការរងបានបន្តឲ្យដឹងទៀតថា ដោយពិនិត្យឃើញ យុវជនទាំង ៥នាក់ខាងលើ  មិនទាន់ធ្លាប់មានប្រវត្តិបានធ្វើការអប់រំធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច និងដើម្បីទុកឱកាសឲ្យកែខ្លួន ដោយបានការឯកភាព ពីកឧត្តមសេនីយ៍ស្នងការ បានឲ្យកម្លាំងជំនាញធ្វើកិច្ចសន្យាអប់រំក្រុមក្មេងទំនើងខាងលើ និងបានអញ្ជើញ អាណាព្យាបាលមកធ្វើលិខិតធានា រួចណែនាំអំពីបញ្ហាក្មេងទំនើង ហើយឲ្យត្រឡប់ទៅមូលដ្ឋានវិញ ចំណែកម៉ូតូយកមករក្សារទុកនៅ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ រយៈពេលចំនួន៣ខែ ។ ចំណែកបក្ខពួកដែលរត់គេចខ្លួន​ នគរបាលយេីងកំពុងស្វែងរកបន្ត ៕

អត្ថបទ៖អាចារ្យលាក់

Share.