រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដឹកនាំដោយឯកឧត្តម Benjamin Chiang ភារៈធារីស្ថានទូត។ ជំនួបនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធផងដែរ។

ជំនួបនេះរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរ និងពិភាក្សាបទពិសោធន៍គ្នាអំពី បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងសក្ដានុពលរបស់វាក្នុងការអភិវឌ្ឍវិស័យអប់រំ និងសេដ្ឋកិច្ច-សង្គមជាតិ។ ក្នុងឱកាសនេះ ប្រតិភូស្ថានទូតអាមេរិកក៏បានណែនាំលោក Oscar Garcia ដែលជាអ្នកជំនាញផ្នែក AI ដ៏ល្បីល្បាញមកពី Silicon Valley សហរដ្ឋអាមេរិក ដើម្បីចែករំលែកចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍ពីការដាក់បញ្ចូល AI ក្នុងកម្មវិធីសិក្សាប្រកបដោយប្រសិទ្ធភាព។

ថ្លែងក្នុងជំនួបនោះ ឯកឧត្តម Benjamin Chiang បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដោយផ្តោតលើបច្ចេកវិទ្យា AI ដើម្បីស្វែងយល់បន្ថែមពីទស្សនៈវិស័យ និងផែនការរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមដ៏ល្អប្រសើររបស់ស្ថានទូតសហរដ្ឋអាមេរិក។ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងអប់រំបានមើលឃើញទាំង សក្តានុពល និងបញ្ហាប្រឈម នៃបច្ចេកវិទ្យា AI។ AI មានសមត្ថភាពអាចជួយបង្កើតកម្មវិធីសិក្សាផ្ទាល់ខ្លួនសម្រាប់សិស្សម្នាក់ៗ ជួយគ្រូបង្រៀនក្នុងការរៀបចំមេរៀនប្រកបដោយភាពច្នៃប្រឌិត និងផ្តល់លទ្ធភាពឱ្យសិស្សទទួលបានចំណេះដឹងថ្មីៗទាន់សម័យពីជុំវិញពិភពលោក។ ទន្ទឹមនឹងនេះ ក្រសួងក៏បានមើលឃើញពីបញ្ហាប្រឈមដូចជា ការប្រើប្រាស់ដោយគ្មានក្រមសីលធម៌ និងហានិភ័យនៃការបាត់បង់ជំនាញគិតពិចារណាស៊ីជម្រៅរបស់សិស្ស។

ដើម្បីឆ្លើយតបនឹងបញ្ហាទាំងនេះ ក្រសួងបាននិងកំពុងរៀបចំផែនការយុទ្ធសាស្ត្រដោយការបណ្តុះបណ្តាលគ្រូបង្រៀនជំនាន់ថ្មីឱ្យយល់ច្បាស់អំពី AI និងបង្កើតក្រុមការងារជំនាញដើម្បីផ្តល់ការគាំទ្រ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនាពេលកន្លងមក ក៏ដូចជាការចែករំលែកបទពិសោធន៍ដ៏មានសារៈសំខាន់ពីសំណាក់លោក Oscar Garcia។ ជំនួបនេះគឺជាការចាប់ផ្តើមដ៏ល្អមួយសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រលើបច្ចេកវិទ្យា AI ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើននាពេលអនាគត និងជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំសម្រាប់យុគសម័យឌីជីថល៕

ប្រភព៖ទំព័រហ្វេសប៊ុកក្រសួងអប់រំ

Share.