ភ្នំពេញ៖ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្នុងរយៈពេល ៤០ឆ្នាំកន្លងមកនេះ គ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបីរបស់កម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សក្នុងវិស័យកសិកម្ម។
ពិធីប្រគល់សញ្ញាបត្រនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលតំណាងឱ្យ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា គ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបី រួមមាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម បានបណ្ដុះបណ្ដាលនិស្សិតសរុប ៣១,៨៤១នាក់ ក្នុងនោះមាននារីជាង ៨,៤២២នាក់។ ក្នុងមួយឆ្នាំៗ មាននិស្សិតបញ្ចប់ការសិក្សាជាមធ្យមប្រមាណ ៨០០នាក់។
បើតាមរដ្ឋមន្ត្រីកសិកម្ម លទ្ធផលនៃការស្ទង់មតិមួយបានបង្ហាញថា ៩៨,៨% នៃនិស្សិតដែលបានបញ្ចប់ការសិក្សា មានការងារធ្វើ ដែលភាគច្រើនបម្រើការក្នុងវិស័យឯកជន។
ពាក់ព័ន្ធនឹងការកសាងធនធានមនុស្ស ឯកឧត្តមបញ្ជាក់ថា គ្រឹះស្ថានទាំងបីក៏បានអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍យ៉ាងសកម្ម ដូចជា៖
- កែលម្អកម្មវិធីសិក្សា និងវិធីសាស្រ្តបង្រៀន ឱ្យស្របតាមស្តង់ដារអន្តរជាតិ។
- អនុវត្តគម្រោងស្រាវជ្រាវកសិកម្ម ៨១គម្រោង និងចុះអនុស្សារណៈយោគយល់ជាមួយសាកលវិទ្យាល័យអន្តរជាតិចំនួន ៧៩គ្រឹះស្ថាន។
- បញ្ជូននិស្សិតជាង ២,០០០នាក់ ទៅធ្វើកម្មសិក្សានៅបរទេសដូចជា អ៊ីស្រាអែល ជប៉ុន និងកូរ៉េជាដើម។
- អនុវត្តគម្រោងកែលម្អការអប់រំឧត្តមសិក្សាវគ្គទី២ ដែលមានទឹកប្រាក់ ១១លានដុល្លារ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក។
ក្នុងពិធិនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនឯកជន និងដៃគូអន្តរជាតិ ដើម្បីលើកកម្ពស់ការស្រាវជ្រាវ កម្មសិក្សា និងការចែករំលែកបច្ចេកវិទ្យាថ្មីៗដល់និស្សិត៕




ប្រភព៖ក្រសួងកសិកម្ម
