ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ក្រសួងអប់រំនាពេលកន្លងមក ហើយបានបង្ហាញពីការប្តេជ្ញាចិត្តបន្តជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត។

យោងតាមក្រសួងអប់រំបានឲ្យដឹងថា ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទសំខាន់ៗជាច្រើន រួមមាន៖

  • ឱកាសសិក្សា និងកម្មវិធីផ្លាស់ប្តូរ៖ ការផ្សព្វផ្សាយអាហារូបករណ៍របស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ដូចជា KNB, Darmasiswa, និង TIAS ព្រមទាំងកម្មវិធីផ្លាស់ប្តូរសម្រាប់សិស្ស-និស្សិត និងមន្ត្រីរាជការ។
  • ការបង្កើតមជ្ឈមណ្ឌលឥណ្ឌូណេស៊ី៖ ពិនិត្យលទ្ធភាពក្នុងការបង្កើតមជ្ឈមណ្ឌលនេះ ដោយសហការជាមួយសាកលវិទ្យាល័យកម្ពុជា រួមទាំងការបង្រៀនភាសាឥណ្ឌូណេស៊ីផងដែរ។
  • ពង្រឹងទំនាក់ទំនងប្រជាជន៖ បង្កើតសមាគមនិស្សិតកម្ពុជា ដែលបានបញ្ចប់ការសិក្សាពីប្រទេសឥណ្ឌូណេស៊ី ដើម្បីពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងរវាងប្រជាជនទាំងពីរ។
  • កិច្ចសហប្រតិបត្តិការលើវិស័យយុវជន និងកីឡា៖ ជំរុញការអភិវឌ្ឍទំនាក់ទំនងក្នុងវិស័យទាំងនេះឱ្យកាន់តែប្រសើរឡើង។

ជាការឆ្លើយតប តំណាងក្រសួងអប់រំឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលឥណ្ឌូណេស៊ី ចំពោះការចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ មក។ ការចូលរួមនេះរួមមាន ការផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងវគ្គសិក្សាខ្លីៗជាច្រើន ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យយុវជន និងកីឡា។

ក្រសួងអប់រំ ក៏បានគូសបញ្ជាក់ពីការឯកភាពលើសំណើបង្កើតសមាគមនិស្សិត ដែលបានបញ្ចប់ការសិក្សាពីប្រទេសឥណ្ឌូណេស៊ី និងបានសន្យាសម្របសម្រួលផ្សព្វផ្សាយឱកាសអាហារូបករណ៍ទាំងនេះ ទៅកាន់សិស្ស-និស្សិត និងមន្ត្រីរាជការកម្ពុជាឱ្យកាន់តែទូលំទូលាយ។ ក្រៅពីនេះ ភាគីទាំងពីរនឹងបន្តពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែសម្បូរបែប តាមរយៈកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងការលើកកម្ពស់ទំនាក់ទំនងកីឡាបន្ថែមទៀត៕

Share.