កំពង់ចាម÷មន្ត្រីជាន់ខ្ពស់នៅខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានចូលរួមក្នុងពិធីផ្សព្វផ្សាយយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ សម្រាប់ឆ្នាំ ២០២៤-២០២៨ ដែលរៀបចំនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម យឹម ឆៃលី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម។


កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត រួមមាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងគោលបំណងដើម្បីធានាបាននូវភាពសម្បូរបែបនៃអាហារូបត្ថម្ភ សុវត្ថិភាពអាហារ និងភាពសមរម្យក្នុងការចូលដំណើរការអាហារ សម្រាប់ប្រជាជនគ្រប់គ្នា ពិសេសតាមតំបន់ជនបទ និងគ្រោះថ្នាក់ធម្មជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម យឹម ឆៃលី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ត្រូវមានឆន្ទៈស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់លើ ការទទួលខុសត្រូវរបស់ខ្លួន ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋ ព្រមទាំងរៀបចំវិធានការ ស្វ័យតាមដានការងាររបស់ខ្លួន និងត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាព លើការលុបបំបាត់ភាពអសកម្មនានា ឲ្យដូចភ្លៀងរលឹម។





លេីសពីនោះ ត្រូវបន្តថែរក្សាសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលមាននៅក្នុងមូលដ្ឋាន និងលើកទឹកចិត្ត ពង្រឹងពង្រីកការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការថែទាំសមិទ្ធផលទាំងនោះផងដែរ៕
អត្ថបទ÷អាចារ្យលាក់

