គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសដាច់អហង្ការចំពោះសកម្មភាពរបស់ទាហានប៉ារ៉ា និងកងកម្លាំងតាមព្រំដែនរបស់ប្រទេសថៃ ដែលបានបង្កអំពើហិង្សាលើប្រជាពលរដ្ឋ និងព្រះសង្ឃកម្ពុជា។
កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ កងកម្លាំងថៃបានប្រើប្រាស់បន្លាលួស អាវុធ ឧស្ម័នបង្ហូរទឹកភ្នែក និងជំពាមកៅស៊ូ ទៅលើប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបណ្ដាលឱ្យមានអ្នករងរបួស រួមទាំងព្រះសង្ឃផងដែរ។
សកម្មភាពបង្កហេតុនេះត្រូវបានចាត់ទុកថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងសន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាច្រើន រួមមាន៖
- អនុស្សរណៈឆ្នាំ២០០០
- កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ (២៨ កក្កដា ២០២៥)
- គោលការណ៍ព្រមព្រៀងទាំង ១៣ ចំណុចនៃកិច្ចប្រជុំគណៈកម្មការព្រំដែនរវាងប្រទេសទាំងពីរ
- ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន
- ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលប្រទេសថៃជាប្រទេសភាគី
CHRC បានបញ្ជាក់ថា អំពើហិង្សារបស់ទាហានថៃបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជា ដែលត្រូវបានការពារដោយច្បាប់អន្តរជាតិ។
កម្ពុជា នៅតែប្តេជ្ញាចិត្តដោះស្រាយរាល់វិវាទដោយសន្តិវិធី និងតាមផ្លូវការទូត ព្រមទាំងជឿជាក់ថាកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីរក្សាសន្តិសុខ និងការអភិវឌ្ឍ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមអំពាវនាវដោយទទូចដល់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធថៃ៖
- បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដែលរំលោភលើអធិបតេយ្យភាព និងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា។
- ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ។
- ដោះលែងជាបន្ទាន់ និងគ្មានលក្ខខណ្ឌចំពោះកងទ័ពកម្ពុជាទាំង ១៨ នាក់ ដែលត្រូវយោធាថៃឃុំខ្លួន។
ទន្ទឹមនឹងនេះ CHRC ក៏ស្នើដល់សហគមន៍អន្តរជាតិជួយអន្តរាគមន៍ និងជំរុញឱ្យភាគីថៃគោរពតាមច្បាប់តំបន់ និងច្បាប់អន្តរជាតិ ដើម្បីធានាសន្តិភាព និងការគោរពសិទ្ធិមនុស្ស៕


