នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត តាមរយៈលិខិតផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានបញ្ជាក់ពីផែនការប្រើកម្លាំងរបស់ថៃដើម្បីដណ្តើមយកទីតាំង ១៧ កន្លែងនៅភាគខាងលិច និងនិរតីនៃប្រទេសកម្ពុជា ចាប់ពីខេត្តពោធិ៍សាត់ ដល់ខេត្តកោះកុង។

ក្នុងលិខិតចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចធិបតីនាយករដ្ឋមន្ត្រីស្នើសុំការគាំទ្រពី UN​ ក្នុងការជំរុញឲ្យភាគីថៃគោរពបទឈប់បាញ់ឱ្យបានពេញលេញ រើលួសបន្លា ប្រគល់ដី-ផ្ទះឱ្យពលរដ្ឋខ្មែរវិញ បញ្ឈប់សកម្មភាពរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា និងដោះលែងទាហានកម្ពុជាទាំង១៨នាក់វិញ។

ភ្លាមៗក្រោយពេលដែលទាហានថៃបានបាញ់ផ្សែងពុល ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ និងភ្ជង់ពលរដ្ឋខ្មែរដែលគ្មានអាវុធតតាំងនៅភូមិជោគជ័យនៃខេត្តបន្ទាយមានជ័យ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានសរសេរលិខិតមួយច្បាប់រាយការណ៍ជូនប្រធានអាស៊ានប្តូរវេនគឺនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីផងដែរ។

នៅក្នុងលិខិតនោះ សម្ដេចធិបតីបានលើកឡើងថា ទោះបីជាកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានសម្រេចនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ នៅបុរីរដ្ឋាភិបាលពុត្រាចាយ៉ា ដែលបានបញ្ចប់ការប្រយុទ្ធទ្រង់ទ្រាយធំនៅខេត្តព្រះវិហារ និងឧត្តរមានជ័យក្តី ក៏សកម្មភាពរបស់យោធាថៃបានបន្តកើតមាន និងរីករាលដាលដល់តំបន់ផ្សេងទៀត។

ចាប់តាំងពីថ្ងៃទី ១២ ខែសីហា កងកម្លាំងថៃបានចូលមកតំបន់ជម្លោះដោយបានសាងសង់របងបន្លាលួស និងប្រើប្រាស់អាវុធ ដើម្បីបណ្ដេញប្រជាជនកម្ពុជាដែលរស់នៅយូរអង្វែង ក្នុងភូមិជោកជ័យ និងព្រៃចាន់ ខេត្តបន្ទាយមានជ័យ។ គ្រួសារចំនួន ២៥ គ្រួសារត្រូវបានបិទផ្លូវមិនឱ្យចេញពីផ្ទះ និងដីរបស់ពួកគេ ហើយអ្នកនាំពាក្យយោធាថៃបានគំរាមកំហែងថានឹងបណ្តេញប្រជាជនរាប់រយគ្រួសារទៀត ដែលប៉ះពាល់ដល់ប្រជាជនប្រមាណជាង ១ ០០០ នាក់។

យោងតាមប្រភពដែលអាចជឿទុកចិត្តបាន យោធាថៃមានបំណងប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកទឹកដីនៅទីតាំងចំនួន ១៧ ផ្សេងទៀត ក្នុងខេត្តពោធិ៍សាត់ រហូតដល់កោះកុង ដែលស្ថិតនៅភាគខាងលិច និងនិរតីនៃប្រទេសកម្ពុជា។

សកម្មភាពឯកតោភាគីរបស់ប្រទេសថៃគឺជាការប៉ុនប៉ងបោះបង្គោលព្រំដែនដោយប្រើប្រាស់កម្លាំង ដែលផ្ទុយដោយ ផ្ទាល់ទៅនឹងអនុស្សរណៈឆ្នាំ ២០០០ កាតព្វកិច្ចរបស់គណៈកម្មការចម្រុះព្រំដែនគោកកម្ពុជា-ថៃ (JBC) និងការប្តេជ្ញាចិត្តដែលបានកត់ត្រានៅក្នុងកិច្ចប្រជុំ GBC និង RBC ថ្មីៗនេះ។

“ភាគីទាំងពីរបានយល់ព្រមមិនធ្វើសកម្មភាពបង្កហេតុណាមួយដែលនាំឱ្យមានភាពតានតឹង ឬពង្រីកវិសាលភាព និងទំហំនៃជម្លោះនោះទេ”។ វិធានការឯកតោភាគីរបស់យោធាថៃតំណាងឱ្យការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា និងការរំលោភយ៉ាងច្បាស់លាស់លើច្បាប់អន្តរជាតិ រួមមាន ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ សកម្មភាពទាំងនេះមិនត្រឹមតែជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរប៉ុណ្ណោះទេ ថែមទាំងបង្កឱ្យមានហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយហិង្សាទៀតផង៕


Share.