មើលលើការចេញផ្សាយរបស់សារព័ត៌មាន The Nation Thailand​ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer សង្ឃឹមថា ទស្សនកិច្ចផ្លូវរដ្ឋជាលើកទីពីររបស់លោក ដូណាល់ ត្រាំ នៅអង់គ្លេសនឹងជួយឱ្យរដ្ឋាភិបាលរបស់លោកក្នុងការស្វែងរកការពង្រីកចំណងសេដ្ឋកិច្ចដែលធានាការវិនិយោគរាប់ពាន់លានដុល្លារ និងកាត់បន្ថយពន្ធបដិកា ថែមទាំងជាឱកាសឱ្យលោកអាចជជែកអំពីបញ្ហាអ៊ុយក្រែននិងអ៊ីស្រាអែល។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកសរសើរពីចំណងមិត្តភាពពិសេសរវាងសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ដោយបានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះព្រះមហាក្សត្រ Charles ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋជាលើកទីពីរដ៏ប្រវត្តិសាស្ត្ររបស់លោក។ លោកចាត់ទុកទស្សនកិច្ចនេះថាជាកិត្តិយសដ៏ខ្ពស់បំផុតមួយក្នុងជីវិតរបស់លោក។

រដ្ឋាភិបាលអង់គ្លេសបានស្វាគមន៍លោក ត្រាំ និងភរិយារបស់លោកគឺលោកស្រី Melania ដោយពិធីការដ៏ឱឡារិកមិនធ្លាប់មានសម្រាប់មេដឹកនាំបរទេសមុន ការណ៍បានបង្ហាញអំពីចំណងសម្ព័ន្ធមិត្តជិតស្និទ្ធនៃប្រទេសទាំងពីរមានអាយុកាលដ៏យូរអង្វែង។

ក្នុងសុន្ទរកថារបស់លោក ត្រាំ អំឡុងពេលពិធីជប់លៀងដ៏ធំមួយនៅប្រាសាទ Windsor អមជាមួយការបញ្ចាំងរូបភាពរបស់លោក និង Jeffrey Epstein នៅលើជញ្ជាំងរាជវាំងអាយុ ១០០០ ឆ្នាំ បានលើកឡើងថា ចំណងនៃសាច់ញាតិនិងអត្តសញ្ញាណរវាងអាមេរិកនិងចក្រភពអង់គ្លេសគឺគុណតម្លៃមិនអាចកាត់ថ្លៃបាននិងស្ថិតស្ថេរជានិច្ច ដែលគ្មានអ្វីមកជំនួសបាននិងមិនអាចបែកបាក់បានឡើយ។

លើសពីចំណងមិត្តភាពសុន្ទរកថារបស់លោក ត្រាំ ប្រៀបដូចជាតន្ត្រីដែលធ្វើឱ្យនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer សប្បាយចិត្តជាពន់ពេក។ នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះសង្ឃឹមថា ទស្សនកិច្ចផ្លូវរដ្ឋជាលើកទីពីររបស់លោក ដូណាល់ ត្រាំ នឹងជួយឱ្យមានការចរចាបន្ធូបន្ថយពន្ធបដិកា ខណៈសហរដ្ឋអាមេរិកបានកំណត់ថា ចក្រភពអង់គ្លេស និងប្រេស៊ីលស្ថិតក្នុងក្រុមទាបបំផុតដែលទទួលអត្រាពន្ធបដិកាត្រឹមតែ ១០% ប៉ុណ្ណោះ។

សូមជម្រាបថា ប្រធានាធិបតីអាមេរិក និងស្ត្រីទីមួយលោកស្រី Melania បានចុះពីលើយន្តហោះ Air Force One កាលពីល្ងាចថ្ងៃអង្គារនៅឯទីក្រុងឡុងដ៍ មុនពេលទៅចូលព្រឹត្តិការណ៍សំខាន់ៗជាបន្តបន្ទាប់ក្នុងរយៈពេលពីរថ្ងៃទៀតដែលមានដូចជា ការស្វាគមន៍ដោយព្រះមហាក្សត្រ Charles ចូលរួមព្យុហយាត្រាយោធា និងការហោះហើររបស់យន្តហោះចម្បាំង Red Arrows និងយន្តហោះចម្បាំង F-35 របស់អង់គ្លេស និងអាមេរិក ផងដែរ៕

Share.