ភ្នំពេញ – ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បដិសេធទាំងស្រុង ចំពោះការចោទប្រកាន់របស់ភាគីថៃ ដែលថា កម្ពុជាបានប្រើប្រាស់ និងបន្តដាក់មីនប្រឆាំងមនុស្សនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កម្ពុជាមិនបានប្រើប្រាស់ ឬដាក់គ្រាប់មីនថ្មីឡើយ ហើយបានគោរពខ្ជាប់ខ្ជួននូវអនុសញ្ញាអូតាវ៉ា ដែលហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស។

លោកជំទាវបានមានប្រសាសន៍ថា ការចោទប្រកាន់មិនពិតរបស់ភាគីថៃ មិនត្រឹមតែបង្កើនភាពតានតឹងប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់យ៉ាងខ្លាំងដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក។

ក្នុងន័យនេះ ក្រសួងការពារជាតិកម្ពុជាស្នើឱ្យភាគីថៃប្រកាន់ខ្ជាប់នូវគោលការណ៍ដែលភាគីទាំងពីរបានឯកភាពគ្នា ដូចមានចែងក្នុងកំណត់ហេតុរួមនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)។ ពិសេសជាងនេះទៅទៀត គឺត្រូវគោរពតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ដែលបានបញ្ជាក់ថាភាគីទាំងពីរត្រូវចៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ការគោរពតាមគោលការណ៍នេះ គឺដើម្បីកាត់បន្ថយភាពតានតឹង និងបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី។

ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបានអះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរ៕

Share.