រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារពិគ្រោះជំងឺ (ប.ស.ស.) នៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងសុន្ទរកថារបស់លោក ឯកឧត្តមបានលើកឡើងថា ការសម្ពោធអគារនេះគឺជា «ការបើកទ្វារថ្មីមួយបន្ថែមទៀតនៃសេចក្តីសង្ឃឹម សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការមកទទួលសេវាថែទាំព្យាបាលប្រកបដោយប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព»។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានសម្តែងការកោតសរសើរចំពោះមន្ទីរពេទ្យកាល់ម៉ែត ដែលសម្រេចបានសមិទ្ធផលថ្មីនេះ ស្របតាមគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។ ការដាក់ឱ្យដំណើរការអគារថ្មីនេះនឹងជួយពង្រឹងសេវាសុខាភិបាលជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

ក្នុងពិធីសម្ពោធនោះ ឯកឧត្តមបានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៦ចំណុច ដល់អង្គភាពក្រោមឱវាទក្រសួងសុខាភិបាល រួមមាន៖ ១. បន្តអភិវឌ្ឍជំនាញបច្ចេកទេស ព្យាបាលអ្នកជំងឺតាមបែបទំនើប និងមានប្រសិទ្ធភាពខ្ពស់។ ២. បង្កើនសកម្មភាពពិគ្រោះជំងឺក្រៅ និងធ្វើរោគវិនិច្ឆ័យឱ្យបានសុក្រិត។ ៣. លើកកម្ពស់គុណតម្លៃក្រមសីលធម៌ ក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ដើម្បីកសាងទំនុកចិត្ត។ ៤. បង្កលក្ខណៈងាយស្រួល ដល់អ្នកជំងឺ និងធានាការបម្រើសេវាពេញលេញ ២៤ម៉ោងលើ២៤ម៉ោង។ ៥. ជួយផ្សព្វផ្សាយ និងអប់រំ អ្នកជំងឺពីវិធីបង្ការ និងថែទាំសុខភាព ដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់។ ៦. បន្តបណ្តុះបណ្តាល អ្នកបន្តវេនប្រកបដោយសមត្ថភាព និងគុណវុឌ្ឍគ្រប់គ្រាន់។
ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញបេសកកម្ម ជាពិសេសក្នុងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមបានជំរុញឱ្យបន្តបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋដែលមានបណ្ណប្រព័ន្ធគាំពារសង្គម ដូចជាបណ្ណ ប.ស.ស. និងបណ្ណមូលនិធិសមធម៌ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានបំពាក់គ្រឿងឥស្សរិយយសដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលមានស្នាដៃល្អ ដើម្បីជាការលើកទឹកចិត្តបន្ថែម។

អគារពិគ្រោះជំងឺ ប.ស.ស. ថ្មីនេះមានកម្ពស់ ២ជាន់ ដែលបែងចែកជា ២០បន្ទប់។ នៅជាន់ផ្ទាល់ដី មានកន្លែងរង់ចាំ បញ្ជរចុះឈ្មោះពិគ្រោះជំងឺ បញ្ជរផ្តល់សេវា បញ្ជរចុះឈ្មោះសមាជិក ប.ស.ស. និងបន្ទប់បុគ្គលិក។ ចំណែកនៅជាន់ទី១ និងទី២ មានបន្ទប់ពិគ្រោះជំងឺ បន្ទប់បូមឈាម និងបន្ទប់អេកូ ព្រមទាំងបន្ទប់អាហារបុគ្គលិក។
ពិធីសម្ពោធនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកបេឡាជាតិសន្តិសុខសង្គម ព្រមទាំងថ្នាក់ដឹកនាំក្រសួង មន្ទីរពេទ្យ មជ្ឈមណ្ឌល និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ៕
អត្ថបទ៖ចតុមុខ
