ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញមកសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ពដែលរងរបួសគ្រាប់ភ្នែកខាងស្តាំយ៉ាងធ្ងន់ធ្ងរក្នុងពេលការពារពីសកម្មភាពនគរបាល និងកម្លាំងចម្រុះថៃដែលចូលបំពានដែនដីកម្ពុជា និងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ដោយបារម្ភខ្លាំងចំពោះសុខភាពរបស់វីរកងទ័ព លោកជំទាវបណ្ឌិត បានអញ្ជើញមកសួរសុខទុក្ខ វីរកងទ័ពឈ្មោះ ម៉ន ភក្ត្រា ភេទប្រុស អាយុ ២៥ឆ្នាំ មកព្យាបាលរបួសគ្រាប់ភ្នែកខាងស្តាំជាបន្ទាន់នៅមន្ទីរពេទ្យព្រះអង្គឌួង ដោយពិនិត្យលើមុខរបួស និងថែមទាំងបានណែនាំឱ្យក្រុមគ្រូពេទ្យជំនាញ និងក្រុមគ្រូពេទ្យរបស់ សមាគម TYDA ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង ព្យាបាលឱ្យអស់ពីលទ្ធភាពដើម្បីឱ្យវីរកងទ័ពឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ។

ជាងនេះទៅទៀតនោះ លោកជំទាវបណ្ឌិត បានណែនាំ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ឱ្យរៀបចំចាត់ចែងអាហារបីពេល ភេសជ្ជៈ និងជួយសម្រួលដល់ការស្នាក់អាស្រ័យរបស់អ្នកជំងឺ និងក្រុមគ្រួសារក្នុងអំឡុងពេលព្យាបាល។

លោកជំទាវបណ្ឌិត បានយកអំណោយរបស់ សម្តេចធិបតី និងអំណោយលោកជំទាវផ្ទាល់ ប្រគល់ជូនវីរកងទ័ពក្នុងអំឡុងពេលសម្រាកព្យាបាល ក៏ដូចជាជួយដល់ក្រុមគ្រួសារ។ សកម្មភាពទាំងនេះពិតណាស់បានបង្ហាញនូវទឹកចិត្តសប្បុរស ការយកចិត្តទុកដាក់ និងក្តីមេត្តាដ៏ខ្ពស់ខ្ពស់ថ្លៃថ្លាបំផុតរបស់ថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ចំពោះវីរកងទ័ព និងចំពោះប្រជាជនខ្មែរគ្រប់ៗរូប។

អត្ថបទ៖ កណ្តាល

Share.