ជាទូទៅលោកអ្នកដែលកំពុង និងធ្លាប់បានប្រើប្រព័ន្ធរហ័ស លើមុខងារទូទាត់សាច់ប្រាក់, សេវា Internet (Wifi) តាមរយៈកម្មវិធីទូសព្ទទំនើប ដោយគ្រាន់តែថតតាមកាំមេរ៉ា នោះមុខងារដ៏លឿនមួយនោះនឹងបំពេញដោយស្វាយបានដោយប្រវត្តិ ឬភ្ជាប់បានពីព័ត៌មានដែលអ្នកចង់បាន ដោយងាយ​និងលឿន។

ដូចនេះសារព័ត៌មានត្រយង សូមជូនប្រិយមិត្តពីប្រវត្តិខ្លះ និងអ្នកដែលបានបង្តើតប្រព័ន្ធនេះឡើង៖

លោក Masahiro Hara ជាបុគ្គលម្នាក់ដែលបានបង្តើតប្រព័ន្ធ QR Code ដល់ពិភពលោក នៅឆ្នាំ ១៩៩៤ ។វិស្វករជនជាតិជប៉ុនម្នាក់នេះ បានផ្លាស់ប្តូររបៀបដែលពិភពលោក ដោយបានភ្ជាប់ទំនាក់ទំនងគ្នាតាមរយៈប្រព័ន្ធទំនើប QR Code មិនដូច Barcode បែបប្រពៃណីទេ QR Code អាចផ្ទុកអក្សររាប់ពាន់តួអក្សរ អាចស្កេនបានគ្រប់ទិសដៅបានដោយភ្លាមៗ។

នេះជាមូលហេតុដែលមានវត្តមាន QR Code

នៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ ក្រុមហ៊ុន Denso Wave មានបញ្ហាក្នុងការតាមដានគ្រឿងបន្លាស់រថយន្តនៅតាមរោងចក្រ ព្រោះបាកូដ (Barcode) ចាស់អាចផ្ទុកព័ត៌មានបានតែបន្តិចបន្តួចប៉ុណ្ណោះ ហើយត្រូវស្កែនច្រើនដងទើបអាចដឹងពីព័ត៌មានពេញលេញ ដែលធ្វើឲ្យដំណើរការផលិតមានភាពយឺតយ៉ាវ។

ដូច្នេះទើបលោក Masahiro Hara ជនជាតិជប៉ុន និងក្រុមការងាររបស់លោក បានសម្រេចចិត្តបង្កើតបាកូដថ្មីមួយដែលអាចផ្ទុកព័ត៌មានបានច្រើនជាងមុន និងអាចស្គែនបានលឿនជាងមុន។ គំនិតនៃការបង្កើត QR Code នេះ គឺបានមកពីលំនាំអុករបស់ជប៉ុនមួយប្រភេទហៅថា Go ។

លោក Hara បានបង្កើត QR Code ដែលអាចស្គែនបានពីគ្រប់ទិសទី និងអាចផ្ទុកព័ត៌មានបានប្រហែល ៧,០០០ តួអក្សរ ដែលលឿនជាងបាកូដធម្មតារាប់សិបដង។

ក្រុមហ៊ុន Denso Wave បានធ្វើការសម្រេចចិត្តយ៉ាងឆ្លាតវៃដោយអនុញ្ញាតឱ្យសាធារណជនប្រើប្រាស់បច្ចេកវិទ្យា QR Code នេះដោយសេរី នេះហើយជាមូលហេតុដែល QR Code បានរីករាលដាលយ៉ាងលឿនទូទាំងពិភពលោក ដល់បច្ចុប្បន្ន៕

Share.