ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលរួមព្រឹត្តិការណ៍ពិសេសស្តីពីសកម្មភាពអាកាសធាតុ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចនេះធ្វើឡើងដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាបរិស្ថានសាកល។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក ឯកឧត្តមរដ្ឋមន្រ្តីគ្រោងនឹងថ្លែងសន្ទរកថាគន្លឹះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងចូលរួមថ្លែងបទអន្តរាគមន៍ក្នុងនាមរដ្ឋភាគីនៃកិច្ចព្រមព្រៀងស្តីពីការអភិរក្សជីវៈចម្រុះសមុទ្រ (BBNJ Agreement)។ ជាមួយគ្នានេះ ឯកឧត្តមក៏មានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍មួយចំនួន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

កម្ពុជាបានបង្ហាញពីមហិច្ឆតាដ៏ធំរបស់ខ្លួនតាមរយៈការដាក់ចេញផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC 3.0) កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ ផែនការនេះកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% ត្រឹមឆ្នាំ២០៣៥ និងឈានទៅសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។

បន្ថែមពីនេះ កម្ពុជាបានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀង BBNJ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយក្លាយជាប្រទេសទី៥៦ ក្នុងចំណោម៦០ប្រទេសដំបូងគេដែលបានផ្តល់សច្ចាប័នទទួលស្គាល់កិច្ចព្រមព្រៀងដ៏សំខាន់នេះ។ ការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំនៅញូវយ៉កនាពេលនេះ នឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាបរិស្ថានសាកល និងពង្រឹងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕

Share.