ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានប្រកាសពីការរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកដ៏ធំមួយ ក្រោមប្រធានបទ «ខ្មែរធ្វើបាន» ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ខាងមុខនេះ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងជំរុញនិងគាំទ្រផលិតផលដែលផលិតដោយកូនខ្មែរ។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ពិព័រណ៍នេះមានគោលបំណងសំខាន់ៗចំនួនបី៖ ១. បង្ហាញសក្តានុពល: តាំងពិព័រណ៍ផលិតផលក្នុងស្រុកដើម្បីបង្ហាញថា កម្ពុជាមានសមត្ថភាពផលិតនូវអ្វីខ្លះ ហើយស្វែងរកឱកាសថ្មីៗដើម្បីពង្រីកសក្តានុពលដែលមានស្រាប់។ ២. វេទិកាចែករំលែក: រៀបចំវេទិកាដើម្បីចែករំលែកទស្សនៈ និងជជែកអំពីហានិភ័យដែលកម្ពុជាកំពុងប្រឈមមុខពីបណ្តាប្រទេសជិតខាង។ ៣. ការរួបរួមគ្នា: បង្កើតកម្មវិធីដែលជំរុញឲ្យមានការចូលរួមពីមហាជន ក៏ដូចជាសិល្បករ ដើម្បីពង្រឹងស្មារតីសាមគ្គីភាពជាតិ ក្រោមពាក្យស្លោក «ខ្មែរធ្វើបាន»។
ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គោលបំណងពិតប្រាកដនៃព្រឹត្តិការណ៍ ស.ស.យ.ក មិនមែនត្រឹមតែបង្កើតភាពទាក់ទាញប៉ុណ្ណោះទេ តែគឺដើម្បីនាំមកនូវការរួបរួមគ្នារបស់ប្រជាជនកម្ពុជាទាំងមូល។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមឲ្យបានច្រើនកុះករ ដើម្បីផ្តល់កម្លាំងចិត្ត និងគាំទ្រផលិតផលស្នាដៃកូនខ្មែរ៕


