កំពង់ធំ៖ ភ្លៀងធ្លាក់ជោគជាំជាច្រើនថ្ងៃជាប់ៗគ្នា បានបង្កឱ្យលំនៅដ្ឋានអតីតយុទ្ធជនចំនួន ៣៥ខ្នង ក្នុងចំណោម ២០៦ខ្នង ដែលរស់នៅលើដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ជន់លិចដោយជំនន់ទឹកភ្លៀង។ គ្រួសារអតីតយុទ្ធជនរងផលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅ និងដំណាំផ្សេងៗ ដោយសារប្រព័ន្ធលូ និងប្រឡាយដែលមានស្រាប់ មិនអាចរំដោះទឹកទាន់ពេលវេលា។
ភ្លាមៗនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារចុះទៅពិនិត្យផ្ទាល់ និងជួបសំណេះសំណាលជាមួយគ្រួសាររងគ្រោះ ដើម្បីវាយតម្លៃពីផលប៉ះពាល់។ ក្នុងចំណោមផ្ទះទាំង ៣៥ខ្នង មាន ១៨ខ្នងរងផលប៉ះពាល់ខ្លាំង និង ១៧ខ្នងទៀតរងផលប៉ះពាល់មធ្យម។
ដើម្បីជួយសម្រាលការលំបាកនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកអំណោយមនុស្សធម៌មួយចំនួនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនដល់ក្រុមគ្រួសាររងគ្រោះផងដែរ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ក៏បានស្នើសុំឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ជួយសម្របសម្រួលកាយប្រឡាយបន្ថែមទៀត ដើម្បីរំដោះទឹកចេញពីតំបន់លំនៅដ្ឋានអតីតយុទ្ធជនឱ្យបានឆាប់រហ័ស ដើម្បីចៀសវាងការខូចខាតបន្ថែមទៀតដល់ជីវភាពរស់នៅ និងផលដំណាំរបស់ពួកគាត់។
សូមបញ្ជាក់ថា លំនៅដ្ឋានទាំង ២០៦ខ្នងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានសាងសង់ឡើងសម្រាប់ផ្ដល់ជូនដល់គ្រួសារអតីតយុទ្ធជនគ្មានដី និងគ្មានផ្ទះរស់នៅ៕




អត្ថបទ៖ដំរីជាន់ខ្លា
